(អាមេរិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកថ្មីៗនេះ កំពុងពិចារណាក្នុងការបិទកម្មវិធី (app) បណ្តាញសង្គមដែល មានប្រភពពីចិន ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ល្បីល្បាញ ក្នុងស្រទាប់យុវវ័យផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មានចេញពី Fox News នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
ឆ្លើយតបចំពោះសំនួរពាក់ព័ន្ធនឹងផែនការបិទ កម្មវិធីបណ្តាញសង្គមចិនមួយចំនួនខាងលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បានគូសបញ្ជាក់ថា «ខ្ញុំមិនចង់បញ្ជាក់អ្វី មុនលោកប្រធានាធិបតី (ដូណាល់ ត្រាំ) ធ្វើការសម្រេចចិត្តនោះឡើយ ប៉ុន្តែយើងកំពុងតែពិនិត្យមើលវាហើយ...»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះលោក Mike Pompeo បានចេញមុខស្វាគមន៍ប្រទេសឥណ្ឌា ចំពោះការសម្រេចចិត្តបិទកម្មវិធី ឬ app ចំនួន ៥៩ ដែលមានប្រភពមកពីចិន ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ល្បីល្បាញផងដែរ។
លោក Pompeo ថែមទាំងបានអះអាងទៀតថា ការបិទកម្មវិធី ដែលជាកម្មសិទ្ធិក្រុមហ៊ុនចិន នឹងជួយពង្រឹងឯកភាពជាតិ និងអធិបតេយ្យភាពរបស់ឥណ្ឌា។ រដ្ឋាភិបាលចិនបង្ហាញការសោកស្ដាយ ចំពោះការសម្រេចដោយឥណ្ឌា និងបានអំពាវនាវឲ្យឥណ្ឌាគិតឡើងវិញម្តងទៀត។ ចិនក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថា កម្មវិធីទាំងអស់ ដែលត្រូវបានបិទនេះ មានទំនាក់ទំនងជាមួយយោធា ឬបក្សកុម្មុយនិស្តរបស់ខ្លួននោះ៕