(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា លោកបានទទួលការធ្វើតេស្ដរក COVID-19 ជាថ្មីម្ដងទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករាយការណ៍ថា លោកមានរោគសញ្ញាគួរឱ្យសង្ស័យ ក្នុងនោះរួមមានទាំងគ្រុនក្ដៅជាដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
លោក Bolsonaro បានប្រាប់ក្រុមអ្នកគាំទ្រ នៅខាងក្រៅវិមានប្រធានាធិបតី នៅថ្ងៃចន្ទសប្ដាហ៍នេះថា លោកបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងទទួលការធ្វើតេស្ដរក COVID-19 ហើយលទ្ធផលពិនិត្យតាមកាំរស្មីអិចបញ្ជាក់ថា សួតរបស់លោកមានសភាពប្រក្រតី។ ប៉ុន្តែលទ្ធផលផ្លូវការពីការធ្វើតេស្ដ COVID-19 នឹងត្រូវចេញផ្សាយនៅ ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងប្រេស៊ីឡា)។
គួរបញ្ជាក់ថា បើតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប្រេស៊ីលបានករណីឆ្លង COVID-19 ច្រើនជាង ១.៦លាននាក់ ក្នុងនោះស្លាប់ ៦៥,០០០នាក់។ ប្រេស៊ីលបច្ចុប្បន្ន នៅតែជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក ខណៈអង្គការសុខភាពពិភពលោក (WHO) ក៏ទើបណែនាំឲ្យប្រទេសនេះ បង្កើតវិធានការទប់ស្កាត់ ឲ្យកាន់តែខ្លាំងជាងមុនផងដែរ៕