Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌាអះអាងថា ចិនចាប់ផ្តើមដកទ័ពចេញពី​តំបន់ធ្លាប់ផ្ទុះអាវុធនោះហើយ

06-07-2020 17:36

(ញូដេលី)៖ ប្រភពពីកងទ័ពឥណ្ឌាបានឲ្យដឹងថា កងទ័ពចិននៅពេលនេះ បានចាប់ផ្តើមដកខ្លួនជាបណ្តើរៗហើយ ចេញពីតំបន់ដែលធ្លាប់ផ្ទុះអាវុធជាមួយគ្នា កាលពីខែមុន នៅតំបន់ព្រំដែនជម្លោះហ្គាល់វ៉ាន (Galwan) ភាគខាងលិចជួរភ្នំហិម៉ាល័យ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

ជម្លោះរវាងឥណ្ឌា និងចិនបានផ្ទុះឡើងធ្ងន់ធ្ងរ កាលពីថ្ងៃមិថុនាកន្លងទៅនេះ ដោយបានបណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់ ខណៈចិនវិញក៏បានអះអាងថា ខាងទាហានខ្លួនក៏មានស្លាប់ និងរងរបួសផងដែរ ប៉ុន្តែមកទល់នឹងពេលនេះ ចិននៅតែមិនបានបញ្ជាក់ អំពីចំនួនជាក់លាក់ឡើយ។

ប្រភពពីមន្ត្រីយោធាឥណ្ឌា ដែលសុំមិនបញ្ជាក់អត្តសញ្ញាណ បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា យោធាចិនបានរុះរើតង់ និងរចនាសម្ព័ន្ធយោធាមួយចំនួន ចេញជាបណ្តើរៗពីតំបន់ជម្លោះ Galwan តបតាមកិច្ចព្រមព្រៀង រវាងយោធាប្រទេសទាំងពីរ។

ឆ្លើយតបចំពោះសំនួរថា តើចិននឹងអាចដាក់ពង្រាយយោធាឡើងវិញ នៅតំបន់ជ្រលង Galwan ដែរ ឬក៏យ៉ាងណានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានានៅថ្ងៃចន្ទនេះថា «ភាគីទាំងពីរកំពុងចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចប់ការប្រឈមមុខ និងសម្រួលស្ថានការណ៍នៅតាមព្រំដែន»