(នីហ្សេរីយ៉ា)៖ ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ា លោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានថ្កោលទោសធ្ងន់ៗទៅលើក្រុមភេរវករ បូកូហារ៉ាម (Boko Haram) ចំពោះការវាយប្រហារឧទ្ធម្ភាគចក្រមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (UN) នៅតំបន់ភាគឦសាននៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។
លោក Muhammadu Buhari គឺជាអតីតមេដឹកនាំយោធា និងបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកបានសន្យាយ៉ាងមុតមំាថា នឹងបោសសំអាតក្រុម Boko Haram ក៏ដូចជាអំពើពុកលួយនៅក្នុងប្រទេស។ ជុំវិញការវាយប្រហារលើ បេសកកម្មអន្តរជាតិខាងលើនេះ លោក Buhari បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះថា «ការវាយប្រហារដ៏កំសាកទៅលើឧទ្ធម្ភាគចក្រមនុស្សធម៌របស់ UN គឺជាសកម្មភាពទល់ច្រករបស់ក្រុមភេរវករបូកូហារ៉ាម ដែលបានរងសម្ពាធយ៉ាងខ្លាំងពីយោធានីហ្សេរីយ៉ា»។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ទៀតថា «ខ្ញុំសូមបញ្ជាក់ជាថ្មីទៅកាន់សហគមន៍អន្តរជាតិ និងប្រជាជននីហ្សេរីយ៉ាថា ការរវាយប្រហារដ៏កំសាកចុងក្រោយនេះ ដែលបណ្តាលឲ្យស្លាប់ជនស៊ីវិលពីរនាក់ ដោយក្នុងនោះមានទារកអាយុ ០៥ឆ្នាំម្នាក់ផងនោះ នឹងមិនទៅដោយគ្មានការឆ្លើយតបធ្ងន់ធ្ងរនោះឡើយ»។
គួរជម្រាបថា បូកូហារ៉ម (Boko Haram) ដែលជាក្រុមឧទ្ទាមប្រដាប់អាវុធដ៏សាហាវឃោឃៅមួយ នៅប្រទេសនីហ្សេរីយ៉ាបានបាញ់ប្រហារទៅលើ ឧទ្ធម្ភាគចក្រមនុស្សធម៌របស់អង្គការសហប្រជាជាតិ នៅតំបន់ ដាម៉ាសាក់ (Damasak) នៃខេត្ត ប័រណូ (Borno) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។ ការវាយប្រហារនេះ បានធ្វើឲ្យរងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ និងមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត៕