Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ត្រៀមជួបក្រុមអ្នកគាំទ្រក្នុងរដ្ឋមួយទៀត ទោះបីរងការព្រមានថា COVID-19 នឹងផ្ទុះឡើងកាន់តែខ្លាំង (Video inside)

06-07-2020 09:20

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរៀបចំការធ្វើយុទ្ធនាការជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋ ញូហេមភ៍ស្វៀ (New Hampshire) បន្ទាប់ពីយុទ្ធនាការចុងក្រោយបំផុតរបស់លោក ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការមិនសូវខ្វាយខ្វល់ពីការណែនាំ និងវិធានការប្រឆាំង COVID-19 នៃអាជ្ញាធរសុខាភិបាលអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា «យុទ្ធនាការធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត ឬ Make America Great Again នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ក្នុងទីក្រុងផតម៉ៅស៍ (Portsmouth)... ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅ ដោយតម្រូវឱ្យអ្នកចូលរួមទាំងអស់លាងដៃ និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ»

គួរជម្រាបថា លោក ដូណាល់ ត្រាំ ដែលកំពុងស្វះស្វែងបន្តកាន់តំណែងអាណត្តិទី២ ជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះក៏បានរៀបចំពិធីជួបជុំ និងយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងទីក្រុង ធូលសា (Tulsa) រដ្ឋ អូក្លាហូម៉ា (Oklahoma)។ ប៉ុន្តែព្រឹត្តិការណ៍នេះរងការរិះគន់យ៉ាងខ្លាំង ដោយសារតែអ្នកចូលរួមភាគច្រើន មិនបានអនុវត្ត តាមការណែនាំពីអាជ្ញាធរសុខាភិបាល ដូចជាការពាក់ម៉ាស ដើម្បីបង្ការកុំឲ្យឆ្លង COVID-19 ខណៈអ្នកចូលរួមមានចំនួនតិចតួច ជាងការរំពឹងទុក៕