(ម៉ូស្គូ)៖ អវកាសយានិករុស្ស៉ី លោក អាយវ៉ាន់ វេកណឺ (Ivan Vagner) ទើបតែបង្ហោះរូបភាពមួយនៅលើបណ្តាញសង្គម Twitter ដែល បង្ហាញឲ្យឃើញនូវអាចម៍ផ្កាយដុះកន្ទុយឈ្មោះ C/2020 F3 NEOWISE ដែលលោកថតបានពីស្ថានីយអវកាសអន្តរជាតិ (ISS)។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។
C/2020 F3 ជាអាចម៍ផ្កាយដុះកន្ទុយ (Comet) ដែលត្រូវបានប្រទះឃើញជាលើកដំបូងកាលពីខែមីនា ឆ្នាំ២០២០ ដោយកែវយឺតអវកាស «ណេអូវ៉ាយស៍ (NEOWISE)»។ ក្រុមតារាវិទូជឿជាក់ថា វាជាអាចម៍ផ្កាយដុះកន្ទុយ ដែលភ្លឺជាងគេចុងរយៈពេល៧ឆ្នាំកន្លងមកនេះ ហើយ បើតាមការព្យាករណ៍ C/2020 F3 នឹងធ្វើដំណើរមកដល់កៀកផែនដីបំផុត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
គួរជម្រាបថា វាក៏អាចត្រូវគេមើលឃើញនាពេលយប់ផងដែរ នៅក្បែរកញ្ចុំផ្កាយហៅថា អាស៊ែនដិន (Ascendant)៕