(ម៉ិចស៉ីកូស៉ីធី)៖ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ម៉ិចស៉ីកូបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ជិត៧,០០០នាក់ថែមទៀត និងស្លាប់ជាង៥០០នាក់។ ប្រការនេះធ្វើឲ្យម៉ិចស៉ីកូឡើងជាប្រទេស ដែលមានអ្នកបាត់បង់ជីវិត ដោយសារ COVID-19 ច្រើនជាងគេទី៥ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។
យោងតាមមន្រ្តីជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៃក្រសួងសុខាភិបាលម៉ិចស៉ីកូ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសម៉ិចស៉ីកូបានរកឃើញ អ្នកឆ្លង COVID-19 ចំនួន៦,៩១៤នាក់ និងស្លាប់៥២៣នាក់។ គិតត្រឹមពេលនេះ ម៉ិចស៉ីកូមានអ្នកឆ្លងសរុប២៥២,១៦៥នាក់ ក្នុងនោះស្លាប់ កើនដល់៣០,៣៦៦នាក់។
គួរជម្រាបថា ប្រការនេះធ្វើឲ្យម៉ិចស៉ីកូវ៉ាប្រទេសបារាំង ដែលកន្លងមកឈរនៅលើលេខ៥ ជាមួយអ្នកស្លាប់ដោយសារ COVID-19 ចំនួន២៩,៨៩៣នាក់។ សម្រាប់ប្រទេសដែលមានអ្នកជំងឺ COVID-19 បាត់បង់ជីវិតច្រើនជាងគេបង្អស់វិញ គឺនៅតែសហរដ្ឋអាមេរិក ដដែល ជាមួយតួលេខជាង១៣ម៉ឹននាក់។ បន្ទាប់មកទៀតគឺប្រេស៉ីល ចក្រភពអង់គ្លេស និងអ៉ីតាលី៕