(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងនាវាអាមេរិក កំពុងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាមួយ ខណៈចិនក៏កំពុងដឹកនាំការធ្វើសមយុទ្ធយោធា នៅក្បែរជម្លោះតំបន់ដែនទឹក នៅក្នុងតំបន់នេះដែរ។
២៖ មនុស្សយ៉ាងហោច ០២នាក់ត្រូវបានគេបារម្ភថា បានស្លាប់បាត់ទៅហើយ និង ១៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន ជាទីដែលកំពុងកើតមានភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដោយបង្ខំឱ្យអាជ្ញាធរសម្រេច ជម្លៀសប្រជាជនកើនដល់ច្រើនជាង ២០០,០០០នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព។
៣៖ មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ នៅថ្ងៃសៅរ៍នេះបានថ្លែងឲ្យដឹងថា កូរ៉េខាងជើងមានអារម្មណ៍ថា មិនមានការចាំបាច់អ្វីត្រូវពិភាក្សា ជាមួយសហរដ្ឋអាមេរិកឡើយ ដ្បិតថាអ្វីទាំងនេះគ្រាន់តែជា «ឧបករណ៍នយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន» ប៉ុណ្ណោះ។
៤៖ អាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានជីករណ្តៅដ៏ធំមួយ ដើម្បីបញ្ចុះសាកសពកម្មរអណ្តូងរ៉ែរាប់រយនាក់រួមគ្នាតែម្តង ក្រោយពីពួកគេបានបាត់បង់ជីវិត នៅក្នុងគ្រោះរអិលបាក់ដី ដែលបានកើតមានឡើង កាលពីប៉ុន្មានថ្ងៃមុន។
៥៖ មនុស្ស ០៤នាក់បានបាត់បង់ជីវិត នៅក្នុងករណីធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ស្ថិតនៅតំបន់ភ្នំហ្វកខេនយ៉ុន (Fork Canyon) ស្ថិតនៅរដ្ឋយូតាហ៍ (Utah) សហរដ្ឋអាមេរិក។
៦៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យបណ្តាប្រទេសដែលរងគ្រោះដោយ COVID-19 ឱ្យភ្ញាក់ខ្លួនលើស្ថានភាពនៃការរីករាលដាលនៅក្នុង ប្រទេសរបស់ខ្លួនហើយគួរចាត់វិធានបន្ថែម ដើម្បីគ្រប់គ្រងការឆ្លងឱ្យកាន់តែ មានប្រសិទ្ធភាពជាងបច្ចុប្បន្ន៕