(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានខៃ (Cui Tiankai) បានចែករំលែកការពិត និងទស្សនៈរបស់លោកជុំវិញច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង ដែលកំពុងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសារវីដេអូមួយ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Cui Tiankai បានពន្យល់ពីការពិតជុំវិញច្បាប់សន្តិសុខជាតិថ្មីទីក្រុងហុងកុង តាមរយៈប្រើប្រាស់លេខតំណាងពី ១ ដល់ ៩។ លោក Cui បានសង្កត់ធ្ងន់ដូច្នេះថា «លេខ ១ និងលេខ ២ គឺមានន័យថា ប្រទេសមួយប្រព័ន្ធពីរ ហើយលេខ ៣ ចង់សំដៅទៅលើប្រជាជនហុងកុង ៣លាននាក់ ដែលបានចុះហត្ថលេខាលើញត្តិ គាំទ្រច្បាប់សន្តិសុខជាតិថ្មី ជាអ្វីដែលពួកគេចង់បានពិតប្រាកដ»។
អគ្គរដ្ឋទូតខាងលើនេះ បានបន្តទៀតថា «លេខ ៤ តំណាងឱ្យបទឧក្រិដ្ឋចំនួន ០៤ ចែងនៅក្រោមច្បាប់សន្តិសុខដូចជា វិទ្ធង្សនា, សកម្មភាពឧទ្ទាមផ្ដាច់ទឹកដី, សកម្មភាពភេរវកម្ម និងការគប់គិតជាមួយបរទេសឬកម្លាំងនៅក្នុងស្រុក ដើម្បីបំផ្លាញសន្តិសុខជាតិ ខណៈលេខ ៥ តំណាងឱ្យរយៈពេល ៥០ឆ្នាំ នោះគឺបើតាមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុង (Basic Law) ប្រព័ន្ធមូលធននិយម និងរបៀបរស់នៅនៃទីក្រុងមួយនេះ គឺនឹងនៅតែដដែល មិនមានការផ្លាស់ប្ដូរអ្វីឡើយក្នុងរយៈពេល ៥០ឆ្នាំ»។
លោក Cui បានបន្ថែមទៀតថា «លេខ ៦ គឺសំដៅលើជំពូកចំនួន ៦ និង ៦៦មាត្រា នៃច្បាប់សន្តិសុខជាតិថ្មី ហើយលេខ ៧ និងលេខ ៨ តំណាងឱ្យ ប្រជាជនហុងកុង ៧លាននាក់ និងពលរដ្ឋអាមេរិក ៨០,០០០នាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហុងកុង»។ ច្បាប់សន្តិសុខជាតិថ្មីនឹងជួយធានា ក៏ដូចជាស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់សង្គម ដែលវាជាព័ត៌មានល្អសម្រាប់អ្នករាល់គ្នា។ ចំណែកឯលេខ ៩ វិញត្រូវបានលោកអគ្គរដ្ឋទូតចិនចាត់ទុកថាជា «អចិន្ត្រៃយ៍» ដោយមានជំនឿយ៉ាងមុតមាំថា ច្បាប់សន្តិសុខនឹងធានានាស្ថេរភាព និងភាពរុងរឿងរបស់ទីក្រុងហុងកុងជាអចិន្ត្រៃយ៍៕