(ព្យុងយ៉ាង)៖ មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ នៅថ្ងៃសៅរ៍នេះបានថ្លែងឲ្យដឹងថា កូរ៉េខាងជើងមានអារម្មណ៍ថា មិនមានការចាំបាច់អ្វីត្រូវពិភាក្សា ជាមួយសហរដ្ឋអាមេរិកឡើយ ដ្បិតថាអ្វីទាំងនេះគ្រាន់តែជា «ឧបករណ៍នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន» ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae-in) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន គួរតែជួបគ្នាម្តងទៀត មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក មកដល់នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីដោះស្រាយបញ្ហានុសក្លេអ៊ែរដែលជាប់គាំង។
ជាការឆ្លើយតបនឹងការអំពាវនាវនេះ លោកស្រី ឆេ សុនហ៊ុយ (Choe Son Hui) ដែលជាអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «យើងមានអារម្មណ៍ថា មិនមានការចាំបាច់ត្រូវអង្គុយទល់មុខគ្នា ជាមួយសហរដ្ឋអាមេរិកនោះទេ ព្រោះភាគីសហរដ្ឋអាមេរិក តែងតែយកកិច្ចសន្ទនាទាំងនោះ ដើម្បីដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនប៉ុណ្ណោះ»។
គួរជម្រាបថា ការកត់សំគាល់ខាងលើនេះ បានកើតឡើងចំពេលដែលមានការលេចលឺព័ត៌មានថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីការជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង។ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នាចំនួនបីដងរួចមកហើយ ដោយលើកទី១ កាលពីឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី, លើកទី២ កាលពីឆ្នាំ២០១៩ នៅប្រទេសវៀតណាម និងលើកចុងក្រោយនៅព្រំដែនកូរ៉េទាំងពីរ កាលពីឆ្នាំ២០១៩ ដដែលនោះ ប៉ុន្តែមិនមានផ្លែផ្កាអ្វីចេញពីជំនួបទាំងបីលើកខាងនេះឡើយ៕