(អង់ការ៉ា)៖ បុគ្គលិកស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតម្នាក់ ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល បានប្រាប់តុលាការតួកគីថា រូបលោកត្រូវបានគេស្នើសុំឱ្យបង្កាត់ភ្លើងចង្រ្កាន អំាងសាច់ជិតមួយម៉ោង បន្ទាប់ពីអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាស់ ខាសហូកជី (Jamal Khashoggi) ចូលមកក្នុងអគារស្ថានកុងស៊ុល ជាទីដែលលោកត្រូវបានគេសម្លាប់ កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។
លោក ហ្សេគី ដេមៀ (Zeki Demir) ជាអ្នកបច្ចេកទេសម្នាក់ បម្រើការឱ្យស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត បានផ្ដល់សក្ខីកម្មខាងលើ នៅថ្ងៃសុក្រសប្ដាហ៍នេះ កំឡុងចូលរួមក្នុងសវនាការថ្ងៃដំបូង នៃសំណុំរឿងមន្ត្រីអារ៉ាប៊ីសាអូឌីត ២០នាក់ ដែលត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ប៉ុន្តែមន្ត្រីអារ៉ាប៊ីសាអូឌីត ២០នាក់នោះមិនបានបង្ហាញខ្លួនក្នុងសវនាការឡើយ។ លោក Demir ត្រូវបានគេទូរស័ព្ទហៅឱ្យមកកាន់ស្ថានកុងស៊ុល បន្ទាប់ពីអតីតអ្នកកាសែតរូបនេះ ធ្វើដំណើរមកដល់ស្ថានកុងស៊ុល។
លោក Demir បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សពី ៥ ទៅ៦នាក់ នៅទីនោះ... ពួកគេបានសុំឱ្យខ្ញុំបង្កាត់ភ្លើងចង្រ្កានអាំងសាច់»។ លោកបន្ថែមទៀតថា លោកបានឃើញសាច់ដោតចង្កាក់ និងសាច់បន្ទះជាច្រើនបន្ថែមពីលើចង្រ្កានអាំងសាច់ នៅឯសួនច្បារស្ថានកុងស៊ុល។ ដោយឡែកបើតាមសក្ខីកម្មផ្សេងទៀត ពីអ្នកបើករថយន្ដស្ថានកុងស៊ុល បាននិយាយថា រូបគេត្រូវបានគេបង្គាប់ឱ្យនិយាយថា សាច់ចង្កាក់ និងសាច់បន្ទះទាំងនោះត្រូវបានទិញ ពីភោជនីយដ្ឋានមួយកន្លែងនៅក្នុងតំបន់។ មិនតែប៉ុណ្ណោះ លោក Demir បានអះអាងផងដែរថាលោកត្រូវបានគេបញ្ជាឱ្យបើកទ្វារស្ថានកុងស៊ុល នៅពេលរថយន្ដមួយគ្រឿង បិទកញ្ចក់ពណ៌ខ្មៅមកដល់ ហើយលោកត្រូវបានគេប្រាប់ ឱ្យចេញពីសួនច្បារស្ថានកុងស៊ុលភា្លមៗ។
គួរបញ្ជាក់ថា លោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដងប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ចូលក្នុងអគារស្ថានកុងស៊ុល ដើម្បីទទួលលិខិតរៀបចំអាពាហ៍ពិពាហ៍។ បណ្ដាប្រទេសលោកខាងលិច រួមទាំងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA និងរបាយការណ៍ស៊ើបអង្កេតរបស់ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ឃាតកម្មដ៏កក្រើកនេះមានជាប់ពាក់ព័ន្ធ នឹងព្រះអង្គម្ចាស់រាជទាយាទ អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន់។ សាកសពលោក Khashoggi មិនត្រូវបានគេរកឃើញឡើយរហូតមកទល់នឹងពេលនេះ រីឯអាជ្ញាធរតួកគីសន្និដ្ឋានថា សាកសពប្រហែលជាត្រូវបានគេបំផ្លាញចោល ដោយប្រើទឹកអាស៊ីតរំលាយ, កាត់ជាកង់ៗ ឬដុតបំផ្លាញចោល។
រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានទាត់ចោលការចោទប្រកាន់បែបនេះ ហើយកាលពីខែធ្នូ ឆ្នាំ២០១៨ តុលាការអារ៉ាប៊ីសាអូឌីត បានផ្ដន្ទាទោសប្រហារជីវិតមនុស្ស ០៥នាក់ និងដាក់ពន្ធនាគារមនុស្ស ០៣នាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi។ ប៉ុន្តែក្រោយក្រុមគ្រួសារ លោក Khashoggi ស្រាប់តែប្រកាសអត់ឱនមនុស្សទាំងនេះទៅវិញ ជាហេតុនាំឱ្យពួកគេទទួលបានការលើកលែងទោស ក្រោមច្បាប់អារ៉ាប៊ីសាអូឌីត៕