ថ្នាំព្យាបាល COVID-19 សម្រាប់ប្រទេសក្រីក្រ កំពុងស្ថិតក្នុងការបញ្ជាទិញ, នេះបើតាម UNICEF (Video inside)
03-07-2020 18:37
(ហ្សឺណែវ)៖ មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) បាន និងកំពុងពន្លឿនការចរចាទិញថ្នាំ ដិចហ្សាមេតាសុន (dexamethasone) សម្រាប់ប្រជាជន ៤.៥លាននាក់ នៅក្នុងប្រទេសក្រីក្រ ដែលអាចរកបានប្រាក់ចំណូលទាប និងមធ្យម។ dexamethasone គឺជាថ្នាំដែលត្រូវបានគេបញ្ជាក់ថា មានប្រសិទ្ធខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ COVID-19 ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
បើតាម UNICEF កាពន្លឿនកិច្ចចរចាទិញថ្នាំ dexamethasone ធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងដឹកនាំដោយអង្គការ UNITAID និង Wellcome ក្រោមក្របខណ្ឌនៃផែនការ បង្កើនការព្យាបាលរបស់អង្គការសុខភាពពិភពលោក WHO។ នាយកប្រតិបត្តិស្ដីទីនៃអង្គការ UNITAID លោក Philippe Duneton បានបញ្ជាក់ដូច្នេះដែរថា «ជាមួយការពន្លឿន ការទិញថ្នាំ dexamethasone យើងមានគោលបំណងធានាឱ្យបាននូវសមភាព នៃការទទួលបានការព្យាបាល សម្រាប់ប្រជាជននៅតាមប្រទេសមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាបញ្ជៀសការខ្វះខាត និងតម្រូវការពីតំបន់ ឬប្រទេសមួយចំនួននៃពិភពលោក»៕