(ឡុងដ៍)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអង់គ្លេស លោក Grant Shapps បានគូសបញ្ជាក់នៅថ្ងៃសុក្រនេះថា អ្នកដំណើរមកពីសហរដ្ឋអាមេរិក ដែលចូលមកក្នុងទឹកដី អង់គ្លេស នឹងត្រូវ ធ្វើចត្តាឡីស័កទាំងអស់ ពោលគឺគ្មាននរណាម្នាក់ត្រូវបានលើកលែងឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
នៅពេលគេសួរថា តើសហរដ្ឋអាមេរិកនឹងស្ថិតនៅក្នុង «បញ្ជីក្រហម» នៃបណ្តាប្រទេសដែលត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ឬយ៉ាងណា លោករដ្ឋមន្ត្រីរូបនេះបានឆ្លើយ យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំគិតថាវានឹងអាចទៅរួច»។
ថ្លែងប្រាប់ទូរទស្សន៍ BBC លោក Shapps បន្ថែមថា សហរដ្ឋអាមេរិកនៅដំណាក់កាលដំបូង បានហាមឃាត់ការហោះហើរពីចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ដូច្នេះ មិនទាន់មានកិច្ចព្រមព្រៀងរួមណាមួយ ត្រូវធ្វើឡើងនោះទេ។ បច្ចុប្បន្ន អង់គ្លេសកំពុងគិតគូរលើការបន្ធូរបន្ថយ ចំពោះវិធានការធ្វើចត្តាឡីស័ក សម្រាប់ប្រជាជននៃបណ្តា ប្រទេសប្រមាណ ៥០ប្រទេសផ្សេងទៀត ដែលចូលមកទឹកដីរបស់ខ្លួន៕