(ញូដេលី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបិទកម្មវិធី ឬ app ចំនួន ៥៩ ដែលមានប្រភពមកពីចិន ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ល្បីល្បាញផងដែរ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន India Today នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងបញ្ជីឈ្មោះ apps ទាំង ៥៩ ខាងលើនេះរួមមានម្មវិធីកំពុងល្បីល្បាញខ្លាំងជាច្រើនដូចជា TikTok, Helo, Likee, Cam Scanner, Vigo Video, Mi Video Call - Xiaomi និង Clash of Kings ជាដើម ហើយការសម្រេចចិត្តបិទ app ទាំងនេះទៀតសោត ធ្វើឡើងបន្ទាប់ពីមានជម្លោះព្រំដែន ជាមួយកងទ័ពចិនក្នុងតំបន់ ឡាដាក (Ladakh) កាលពីខែមិថុនាកន្លងទៅ ដោយបានបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់ស្លាប់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានស្វាគមន៍រដ្ឋាភិបាលឥណ្ឌា ដែលបានសម្រេចចិត្តបិទកម្មវិធី ឬ app ចំនួន ៥៩ ដែលជាកម្មសិទ្ធិក្រុមហ៊ុនចិនដោយចាត់ទុកថា វានឹងជួយពង្រឹងឯកភាពជាតិ និងអធិបតេយ្យភាពរបស់ឥណ្ឌា។ តាមរយៈសន្និសីទសារព័ត៌មានមួយក្នុងសប្ដាហ៍នេះ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងស្វាគមន៍រដ្ឋាភិបាលឥណ្ឌា ដែលបានសម្រេចចិត្តបិទកម្មវិធី ឬ app ចំនួន ៥៩ ដែលជាកម្មសិទ្ធិ ក្រុមហ៊ុនចិន និងត្រូវបានប្រើប្រាស់ជាប្រព័ន្ធឃោសនា និងតាមដានរបស់គណបក្សកុម្មុយនិស្ដចិន»។
គួបញ្ជាក់ថា រដ្ឋាភិបាលចិនបង្ហាញការសោកស្ដាយ ចំពោះការសម្រេចដោយឥណ្ឌា និងបានអំពាវនាវឲ្យឥណ្ឌាគិតឡើងវិញម្តងទៀត។ ចិនក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថា កម្មវិធីទាំងអស់ដែលត្រូវបានបិទនេះ មានទំនាក់ទំនងជាមួយយោធា ឬបក្សកុម្មុយនិស្តរបស់ខ្លួននោះ៕