(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តហើយ នៅក្នុងការបញ្ជាទិញយន្តហោះចម្បាំង ចំនួន ៣៣គ្រឿងពីប្រទេសរុស្ស៊ី និងបង្កើនសមត្ថភាព (upgrade) យន្តហោះចម្បាំង ៥៩គ្រឿងទៀត ចំពោះមុខជម្លោះព្រំដែនជាមួយចិន ដែលកំពុងបន្តភាពក្តៅគគុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
ការសម្រេចរបស់ឥណ្ឌាខាងលើនេះ គឺនឹងត្រូវចំណាយថវិកាជាតិសរុប ២.៤៣ពាន់លានដុល្លារ ក្នុងនោះឥណ្ឌានឹងទទួលបានយន្តហោះចម្បាំង MiG-29 ចំនួន ២១គ្រឿង និង Su-30 ចំនួន ១២គ្រឿង ខណៈយន្តហោះចម្បាំង MiG-29s សរុប ៥៩គ្រឿងទៀត នឹងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត។ រដ្ឋាភិបាលឥណ្ឌាបានអះអាងថា ការសម្រេចចិត្តខាងលើនេះ គឺស្ថិតក្នុងគោលដៅ បង្កើនសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់កងទ័ពឥណ្ឌា។
គួរបញ្ជាក់ថា កម្តៅនៃជម្លោះព្រំដែនរវាងចិន និងឥណ្ឌា បានផ្ទុះឡើងយ៉ាងក្តៅគគុក មិនធ្លាប់មានជាច្រើនឆ្នាំមកនេះ ដោយកងទ័ពទាំងសងខាងបានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅតំបន់ព្រំដែនជម្លោះ ជួរភ្នំហិម៉ាល័យកាលពីអំឡុងខែមិថុនា កន្លងទៅថ្មីៗនេះ បណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់៕