(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ម្នាក់ មកពីគណបក្សសាធារណរដ្ឋបានអះអាងថា លោកកំពុងត្រៀមរៀបចំសេចក្ដីព្រាងច្បាប់មួយ ដែលនឹងរារាំងក្រុមហ៊ុនចិនមួយចំនួនពីទីផ្សារហិរញ្ញវត្ថុអាមេរិក ប្រសិនបើជាពួកគេចូលរួមក្នុងការស៊ើបការណ៍សម្ងាត់, រំលោភសិទ្ធិមនុស្ស ឬគាំទ្រដល់យោធាចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
សមាជិកព្រឹទ្ធសភាលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះ ដែលទីភ្នាក់ងារ Reuters ទទួលបាន។ លោក Rubio ដែលជាអ្នកមាននយោបាយរឹងទទឹងចំពោះចិនបានឱ្យដឹងថា លោកមានផែនការរៀបចំសេចក្ដីព្រាងច្បាប់មួយ នៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីក្រសួងការពារជាតិអាមេរិក បានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ២០ ដែលត្រូវបានចោទប្រកាន់ថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចិន។
សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ការធ្វើអាជីវកម្មរបស់គណបក្សកុម្មុយនិស្ដចិន នៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក បានបង្ហាញយ៉ាងច្បាស់ថាជា ហានិភ័យសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិអាមេរិក ដែលតម្រូវឱ្យយើងត្រូវចាត់វិធានការឆ្លើយតប... ដូច្នេះនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ខ្ញុំនឹងធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយ ដែលនឹងរាំងខ្ទប់ក្រុមហ៊ុនទាំងនោះ ពីប្រតិបត្តិការក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមលុបចោលឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់អាមេរិក, ហាមឃាត់ ការនាំចេញបរិក្ខាយោធា និងរឹតត្បិតលើទីក្រុងហុងកុង ទទួលបានបច្ចេកវិទ្យាជឿនលឿនមួយចំនួនផងដែរ ជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិថ្មី៕