មនុស្សជាង ៨០នាក់ស្លាប់នៅអេត្យូពី ក្រោយផ្ទុះបាតុកម្មជុំវិញមរណភាព តារាចម្រៀងល្បីម្នាក់
02-07-2020 10:24
(អេត្យូពី)៖ មនុស្សយ៉ាងហោច ៨១នាក់ បានស្លាប់នៅក្នុងប្រទេសអេត្យូពី បន្ទាប់ពីការស្លាប់របស់តារាចម្រៀងដ៏ល្បីល្បាញម្នាក់ បានបង្កជាបាតុកម្មតវ៉ាដ៏ហិង្សា នៅតំបន់ អូរ៉ូមៀ (Oromia) នៃប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
បើតាមប៉ូលិសអេត្យូពី អ្នកដែលបានបាត់បង់ជីវិតខាងលើ នៅក្នុងសប្ដាហ៍នេះគឺជាបាតុករ និងមន្ត្រីប៉ូលិស។ លោក ហាឆាលូ ហាន់ដេសា (Hachalu Hundessa) ជាតារាចម្រៀងម្នាក់ដែលតែង តែច្រៀងបទចម្រៀងផ្ដោតសំខាន់ លើសិទ្ធិរបស់ក្រុមជនជាតិដើមភាគតិច អូរ៉ូម៉ូ (Oromo) និងជាអ្នកដែលមានវោហាស័ព្ទកៀរគរបាតុកម្មតវ៉ា រហូតដល់មានការទម្លាក់ នាយករដ្ឋមន្ត្រីមុនកាលពីឆ្នាំ២០១៨។ លោក Hundessa ត្រូវបានគេបាញ់សម្លាប់ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណម្នាក់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។
ក្រោយមរណភាពតារាចម្រៀងរូបនេះ បាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) និងតំបន់ Oromia។ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អាជ្ញាធរអេត្យូពីក៏បានបិទប្រព័ន្ធអ៉ិនធើណិតផងដែរ ដើម្បីទប់ស្កាត់កុំឱ្យបាតុកម្មរីកសាយកាន់តែធំ៕