(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានអំពាវនាវទៅកាន់ប្រទេសអ៊ីស្រាអែល ឲ្យបញ្ឈប់ជាបន្ទាន់នូវផែនការប៉ុនប៉ងលេបយកផ្នែកខ្លះបន្ថែមទៀត នៃតំបន់ វែសត៍ប៊ែង (West Bank) របស់ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។
លោក ចនសុន បានសរសេរលិខិតមួយផ្ញើទៅនាក់ភាគីអ៊ីស្រាអែល ដែលត្រូវបានចុះផ្សាយ នៅលើទំព័រមុខរបស់កាសែតប្រចាំថ្ងៃ ដ៏ធំមួយរបស់ប្រទេសនេះយ៉ាងដូច្នេះថា «ផែនការប៉ុនប៉ងលេបយកផ្នែកខ្លះបន្ថែមទៀតនៃតំបន់ West Bank ដែលជាទឹកដីត្រូវបានដណ្តើមកាន់កាប់ដោយអ៊ីស្រាអែល នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ និងជាកន្លែងដែលប៉ាឡេស្ទីនចង់កសាងរដ្ឋអនាគតរបស់ពួកគេនោះ គឺជាការរំលោភច្បាប់អន្តរជាតិ»។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីរូបនេះថែមទាំងបានព្រមានថា «ប្រសិនបើអ៊ីស្រាអែលនៅតែចចេស បន្តធ្វើផែនការរបស់ខ្លួនទៀត ចក្រភពអង់គ្លេសនឹងមិនទទួលស្គាល់ការផ្លាស់ប្តូរខ្សែបន្ទាត់ឆ្នាំ១៩៦៧ នោះឡើយ លើកលែងតែមានការយល់ព្រមពីភាគីទាំងសងខាង»។ ការកត់សម្គាល់របស់ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ចនសុន ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដានេះ គឺវាធ្លាក់ចំពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ បានកំណត់យកកាលបរិច្ឆេទនេះ សម្រាប់ការចាប់ផ្តើមអនុវត្តផែនការខាងលើនេះតែម្តង៕