Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើការកាត់ប្រាក់ខែបុគ្គលិកគ្មានការឯកភាព នោះអាកាសចរណ៍យក្ស Ryanair នឹងបញ្ឈប់បុគ្គលិក ៣,៥០០នាក់! (Video inside)

01-07-2020 14:39

(ដាប្លីន)៖ អាកាសចរណ៍ធំបំផុតរបស់តំបន់អឺរ៉ុបគឺ រីយ៉ានអ៊ែរ (Ryanair) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងដាប្លីន ប្រទេសអៀរឡង់ នឹងធ្វើការកាត់បន្ថយបុគ្គលិកសរុប ៣,៥០០នាក់ ប្រសិនបើការពិភាក្សា អំពីការកាត់ប្រាក់ខែបុគ្គលិក ចំពោះមុខវិបត្តិ COVID-19 មិនត្រូវបានឯកភាពគ្នាទេនោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

Ryanair ត្រូវបានគេស្គាល់ថា ជាអាកាសចរណ៍សន្សំសំចៃធំបំផុតរបស់អឺរ៉ុប ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ខ្លួនបានកាត់បន្ថយបុគ្គលិកសរុប ២៥០នាក់រួចទៅហើយ ពីការិយាល័យប្រតិបត្តិនានានៅទូទាំងតំបន់អឺរ៉ុប ហើយក្រុមហ៊ុននេះក៏គ្រោងកាត់បន្ថយបុគ្គលិកជាង ៣,០០០នាក់ទៀតផងដែរ ស្ថិតនៅក្នុងជួរអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះ។

ជុំវិញបញ្ហាខាងលើនេះនាយប្រតិបត្តិ (CEO) របស់ Ryanair គឺលោក ម៉ៃខឺល អូលារី (Michael O'Leary) បានលើកឡើងយ៉ាងដូច្នេះថា «យើងបានប្រកាសអំពីការត្រៀមកាត់បន្ថយការងារ ៣,៥០០កន្លែង ប៉ុន្តែយើងបានភ្ជាប់មកជាមួយនូវការចរចាជាមួយនិងពីឡុត និងអ្នកបម្រើការងារលើយន្តហោះរបស់យើង ហើយយើងកំពុងតែស្នើសុំពួកគេ ឲ្យយល់ព្រមចំពោះផែនការកាត់បន្ថយប្រាក់ខែទាំងអស់គ្នា...»

គួរបញ្ជាក់ថា ក្រុមហ៊ុន Ryanair កំពុងស្នើសុំឲ្យពីឡុតទាំងអស់ ព្រមទទួលការកាត់បន្ថយប្រាក់ខែរបស់ពួកគេ ២០% និងអូតេស ៥%។ មិនត្រឹមតែ Ryanair នោះទេ អាកាសចរណ៍ទាំងតូចទាំងធំ នៅទូទាំងសកលោក បានកាត់បន្ថយ និងត្រៀមកាត់បន្ថយបុគ្គលិក ឬខ្លះទៀតដាក់ពាក្យក្ស័យធន ដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់ ដែលបង្កឡើងដោយជំងឺ COVID-19 បានតទៅទៀត៕