(ប៉ារីស)៖ តុលាការទីក្រុងប៉ារីសនៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រីបារាំងលោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (François Fillon) ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ និងផាកពិន័យជាប្រាក់រាប់សែនអឺរ៉ូ ពីបទបង្កើត «ការងារក្លែងក្លាយ» ដើម្បីកេងបន្លំថវិការដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Euro News នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។
សាលក្រមរបស់តុលាការទីក្រុងប៉ារីស ដែលបានប្រកាសជាសាធារណៈកាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា បានសម្រេចកាត់សេចក្តីថា លោក François Fillon និងភរិយា រួមទាំងមនុស្សជំនិតម្នាក់ទៀត ពិតជាបានកេងចំណេញថវិការដ្ឋ តាមរយៈការបង្កើតការងារក្លែងក្លាយ ពិតប្រាកដមែន។
នៅក្នុងសាលក្រមតុលាការបានសម្រេច កាត់ទោសអតីតនាយករដ្ឋមន្ត្រីបារាំងលោក François Fillon ដាក់ពន្ធនាគារចំនួន ០៥ឆ្នាំ និងផាកពិន័យជាទឹកប្រាក់ចំនួន ៣៧៥,០០០អឺរ៉ូ (ជាង៤២០,០០០ដុល្លារអាមេរិក) ព្រមទាំងហាមមិនឲ្យឈរឈ្មោះបោះឆ្នោតចំនួន ១០ឆ្នាំទៀតផង។ ចំណែកឯភរិយារបស់លោកវិញ គឺលោកស្រី ប៉េណេឡូប៉េ (Penelope) ត្រូវជាប់ពន្ធនាគារចំនួន ០៣ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន ៣៧០,០០០អឺរ៉ូដូចគ្នា ព្រមទាំងហាមមិនឲ្យឈរឈ្មោះបោះឆ្នោត សម្រាប់រយៈពេល ០២ឆ្នាំផងដែរ។
ចំពោះសេចក្តីសម្រេចនេះ មេធាវីរបស់លោក François Fillon បានចាត់ទុកថា ជារឿងអយុត្តិធម៍ និងមានលាយឡំជារឿងនយោបាយ។ ទន្ទឹមគ្នានោះមេធាវីរូបនេះ ក៏បានបញ្ជាក់ថា កូនក្តីរបស់លោកនឹងប្តឹងបន្តឡើងទៅសាលាឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌ជូនកូនក្តីរបស់លោក។
គួរជម្រាបថា រឿងអាស្រូវកេងបន្លំថវិការដ្ឋនេះ បានផ្ទុះឡើងតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ពោលគឺក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០១៧។ កាលណោះលោក François Fillon គឹបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយភាព ហើយបើតាមការស្ទាបស្ទងមតិ លោកអាចនឹងយកឈ្នះលើ ប្រធានាធិបតីបារាំងបច្ចុប្បន្នទៀតផង។ ប៉ុន្តែលោកត្រូវបង្ខំចិតបោះបង់ការប្រកួតវិញ ក្រោយរឿងអាស្រូវមួយនេះ មានសភាពកាន់តែធ្ងន់ធ្ងរ។
លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង បានកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំង នៅជំនាន់រដ្ឋបាលដឹកនាំរបស់អតីតលោកប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ និងជាអតីតប្រធានាធិបតីបារាំង ដែលធ្លាប់ជាប់ចោទ និងឡើងតុលាការ ដោយសារតែអំពើពុករលួយ ព្រមទាំងការបណ្តោយឲ្យអតីតរបបដឹកនាំលីប៊ីរបស់ លោក មួអាម៉ា ហ្គាដាហ្វី លូកលាន់ការបោះឆ្នោតប្រធានាធិបតីនៅបារាំង៕