(បាងកក)៖ ប្រទេសថៃនឹងអនុញ្ញាតឲ្យបារ និងរង្គសាល បើកដំណើរការឡើងវិញនៅថ្ងៃពុធ ទី០១ ខែកក្កដា ខាងមុខនេះ ព្រមទាំងអនុញ្ញាតឱ្យជនប្រទេសខ្លះ ចូលមកក្នុងប្រទេសរបស់ខ្លួនឡើងវិញ បន្ទាប់ពីមិនមានការរាយការណ៍ពីករណីឆ្លងថ្មី ក្នុងសហគមន៍ រយៈពេលជាង ៥សប្តាហ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង COVID-19 លោក Taweesin Wisanuyothin រង្គសាល បារ និង ហាងខារ៉ាអូខេ អាចបើកដំណើរការ រហូតដល់ពាក់កណ្តាលយប់ ដរាបណាពួកគេគោរពតាមគោលការណ៍សុវត្ថិភាព ដូចជាការដាក់តុអង្គុយចន្លោះពីរម៉ែត្រពីគ្នាជាដើម។ លោក Taweesin Wisanuyothin បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះដូច្នេះថា៖ « ការពិសាគ្រឿងស្រវឹងអាចធ្វើឲ្យ ការគោរពវិន័យមិនបានខ្ជាប់ខ្ជួន ដូច្នេះហើយយើងនឹងធ្វើការតាមដាន យ៉ាងដិតដល់បំផុត មុនពេលអតិថិជនចូលទៅកន្លែងនានា ដែលមានបម្រើគ្រឿងស្រវឹង»។
លោក Taweesin បានបន្ថែមទៀតថា ជនបរទេសដែលកំពុងស្វែងរកការព្យាបាល នៅក្នុងប្រទេសថៃ ដូចជាជាការវះកាត់កែសម្ផស្ស ឬសម្ភព ក៏នឹងត្រូវអនុញ្ញាតឲ្យចូល ក្នុងប្រទេសដែរ ខណៈជនបរទេសណាដែលមានការអនុញ្ញាតការងារ ឬស្នាក់នៅ និងមានក្រុមគ្រួសារ នៅក្នុងប្រទេសថៃអាចធ្វើដំណើរចូលមកក្នុងប្រទេសនេះវិញបានដែរ
ប៉ុន្តែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គួរជម្រាបថា ភ្ញៀវទេសចរមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ចិន និងទីក្រុងហុងកុង ក៏នឹងត្រូវបានលើកលែងពីការធ្វើចត្តាឡីស័ក រយៈពេលពីរសប្តាហ៍ផងដែរ បើសិនជាពួកគេមានវិញ្ញាបនប័ត្រសុខភាព ដែលបញ្ជាក់ថាតេស្តអវិជ្ជមាន COVID-19 និងត្រូវបានធ្វើតេស្ត ជាថ្មីនៅពេលមកដល់ប្រទេសថៃ៕