(វ៉ាសុីនតោន)៖ ក្រុមហ៊ុនកាហ្វេ Starbucks Corp នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនាបានប្រកាសឲ្យដឹងថា ខ្លួននឹងផ្អាកការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមទាំងអស់ ព្រោះក្រុមហ៊ុនយល់ថា វាគឺជាជម្រើសដ៏ប្រសើរជាងគេ ដើម្បីបញ្ឈប់ការរីកសាយនៃសារស្អប់ខ្ពើម-រើសអើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ Starbucks ក្រុមហ៊ុនកាហ្វេដ៏ធំនេះ នឹងធ្វើការពិភាក្សាផ្ទៃក្នុងជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែលជាដៃគូនិង ក្រុមអង្គការសិទ្ធិមនុស្ស ដើម្បីបញ្ឈប់ការរីកសាយនៃសារស្អប់ខ្ពើម-រើសអើង។ ប៉ុន្តែ Starbucks បានបញ្ជាក់ថា ការផ្អាកនៅបណ្តាញសង្គមនេះនឹងមិនរួមបញ្ចូលនូវវែបសាយវីដេអូ YouTube ទេ។
ជាចុងក្រោយ ក្រុមហ៊ុន Starbucks បានបន្ថែមថា ទោះបីខ្លួនផ្អាកការផ្សាយពាណិជ្ជកម្មក៏ដោយ មិនមែនមានន័យថា ក្រុមហ៊ុនចួលរួមក្នុងយុទ្ធនាការ «Stop Hate For Profit» នោះឡើយ។ យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមឡើងដោយក្រុមអង្គការ និងសង្គមស៉ីវិលនៅអាមេរិក កាលពីពេលកន្លងទៅក្នុងខែមិថុនានេះ ហើយទទួលបានការចូលរួមពីសំណាក់ ក្រុមហ៊ុនច្រើនជាង១៦០ ដែលបានស្ម័គ្រចិត្តបញ្ឈប់ការទិញពាណិជ្ជកម្មនៅលើបណ្តាញសង្គម Facebook ដើម្បីដាក់សម្ពាធឲ្យ Facebook ចាត់វិធានការឲ្យខ្លាំងលើសារបែបស្អប់ខ្ពើម-រើសអើង៕