(សាន់ហ្រ្វាន់ស៉ីស្កូ)៖ ក្រុមអ្នករៀបចំយុទ្ធនាការមួយ ដែលអំពាវនាវឲ្យក្រុមហ៊ុនធំៗ បញ្ឈប់ការទិញការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញ សង្គម Facebook កំពុងត្រៀមខ្លួនធ្វើសកម្មភាពឲ្យពុះកញ្រ្ជោលថែមទៀត ដើម្បីសំដៅដាក់សម្ពាធ Facebook ឲ្យចាត់វិធានការទៅលើការ បង្ហោះសារ ដែលបង្កប់អត្ថន័យស្អប់ខ្ពើមនិងរើសអើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
លោក Jim Steyer នាយកអង្គការ Common Sense Media ទើបតែបានបញ្ជាក់ថា យុទ្ធនាការ «Stop Hate for Profit» នឹងចាប់ផ្តើមអំពាវនាវ ដល់បណ្តាក្រុមហ៊ុនធំៗនៅតំបន់អឺរ៉ុបថែមទៀត ឲ្យចូលរួមការធ្វើពហិការ។ ចាប់តាំងពីយុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមឡើងនាពេលកន្លង ទៅក្នុងខែនេះ ក្រុមហ៊ុនសរុបច្រើនជាង១០០ ភាគច្រើននៅក្នុងសហរដ្ឋអាមេរិក បានចូលរួមបញ្ឈប់ការទិញការផ្សាយពាណិជ្ជកម្មនៅលើ បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតនេះ សម្រាប់ពេញមួយខែកក្កដាខាងមុខ។
គួរជម្រាបថា ក្រុមអង្គការនិងសង្គមស៉ីវិលនៅសហរដ្ឋអាមេរិក បានផ្តួចផ្តើមយុទ្ធនាការខាងលើ នៅក្រោយការស្លាប់របស់លោក George Floyd កាលពីខែឧសភា។ ដោយឡែក ឆ្លើយតបចំពោះការទាមទារ Facebook បានទទួលស្គាល់ថា ខ្លួនពិតជាមានកិច្ចការជាច្រើនដែលត្រូវ ធ្វើ ហើយកំពុងសហការជាមួយក្រុមការពារសិទ្ធិមនុស្ស និងអ្នកជំនាញ ដើម្បីបង្កើតមធ្យោបាយប្រយុទ្ធប្រឆាំងនឹងសារស្អប់ខ្ពើម-រើសអើង ។ Facebook បានបញ្ជាក់ថា ខ្លួនបានខិតខំវិនិយោគទៅលើផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence ឬ AI) ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន រកឃើញសារប្រភេទនេះប្រមាណជា៩០ភាគរយ មុនពេលអ្នកប្រើប្រាស់រាយការណ៍អំពីពួកវាទៅទៀត៕