(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក អេឡិច អាហ្សារ (Alex Azar) បាននិយាយថា សហរដ្ឋអាមេរិកកំពុង «បិទបង្អួច» ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈការកើនឡើងនៃករណីឆ្លង ត្រូវបានរាយការណ៍ជាបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
លោក Alex Azar ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យដោយក្នុងនោះ លោកបានជំរុញឱ្យប្រជាជនអាមេរិកទាំងអស់ អនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល ជាពិសេសគឺការរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាសជាដើម។ លោក Azar បានគូសបញ្ជាក់ទៀតថា ការកើនឡើងករណីឆ្លងនៅតាមរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ដូចជារដ្ឋ ផ្លូរីដា (Florida) និងរដ្ឋតិចសាច់ (Texas) ជាដើម ភាគច្រើនកើតឡើងលើមនុស្សមានអាយុក្រោម ៣៥ឆ្នាំ ហើយភាគច្រើននៃអ្នកទាំងនេះ គឺឆ្លងដោយមិនចេញរោគសញ្ញា ហើយអាជ្ញាធរកំពុងស៊ើបអង្កេតបន្ត ដើម្បីឱ្យប្រាកដថា ហេតុអ្វីបានជាការឆ្លង COVID-19 កើនឡើងវិញនៅតំបន់មួយចំនួន ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យ ទី២៨ ខែមិថុនា (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២.៦លាននាក់ ក្នុងនោះស្លាប់ ១២៨,៤៣៧នាក់ និងជាសះស្បើយឡើងវិញ ១.០៩លាននាក់។ ការផ្ទុះករណីឆ្លង COVID-19 ឡើងវិញនៅអាមេរិកនេះ ត្រូវបានក្រុមជំនាញស្តីបន្ទោស ទៅលើការបើកទ្វារប្រទេសឡើងវិញលឿនពេក និងការផ្ទុះបាតុកម្មដ៏ខ្លាំងក្លា នៅតាមបណ្តារដ្ឋជាច្រើន ចាប់តាំងពីចុងខែឧសភាមកម្ល៉េះ៕