(អឺរ៉ុប)៖ ងាកទៅមើលដំណើរទៅរកការសម្រេច កិច្ចព្រមព្រៀងវិនិយោគ រវាងសហភាពអឺរ៉ុប និងប្រទេសចិន វាបានឈានចូលទៅក្នុងស្ថានភាពដ៏ស្មុគស្មាញថ្មីមួយ ហើយក៏ព្រោះតែភាពវ័យឆ្លាតរបស់ចិន ហេតុដូច្នេះទើបសហភាពអឺរ៉ុប កំពុងរៀបចំផែនការថ្មីមួយទៀត ក្នុងការរឹតត្បិតលើការវិនិយោគចិន ចូលមកក្នុងប្លុកដ៏មានឥទ្ធិពលមួយនេះ ដើម្បីជាការដាក់សម្ពាធឲ្យចិន ព្រមបើកចំហទីផ្សារឲ្យកាន់តែធំជាងមុន ទៅតាមអ្វីដែលអឺរ៉ុបចង់បាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
ជុំវិញបញ្ហាខាងលើលោក វ៉ាឌីស ដូមរ៉ូវស្គីស៍ (Valdis Dombrovskis) អនុប្រធានប្រតិបត្តិផ្នែកនយោបាយ ប្រចាំនៅគណៈកម្មការអឺរ៉ុប បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែលើកឡើងអំពីបញ្ហានានា ដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរដ្ឋទាំងឡាយរបស់ចិន។ យើងត្រូវតែលើកឡើងអំពីបញ្ហា នៃការផ្តល់ប្រាក់ឧបត្ថម្ភធន ដែលបានបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យា...។ យើងមានបញ្ហាជាប្រព័ន្ធមួយចំនួន ដែលត្រូវដោះស្រាយ មុននឹងសន្ធិសញ្ញាវិនិយោគណាមួយ ត្រូវបានចុះហត្ថលេខា»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប និងចិន ត្រូវបានធ្វើឡើង ដោយមានការចូលរួមពីប្រមុខដឹកនាំជាន់ខ្ពស់ នៃភាគីទាំងពីរ សហភាពអឺរ៉ុបបានទាមទារអ្វីៗជាច្រើនពីប្រទេសចិន ក្នុងនោះក៏មានការអនុម័តច្បាប់ សន្តិសុខជាតិថ្មីលើហុងកុង ដែលអឺរ៉ុបកំពុងប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរចិន និងអឺរ៉ុប មិនបានចេញសេចក្តីថ្លែងការណ៍រួមនោះឡើយ ដោយសារតែការខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួន។
ការវិនិយោគដោយផ្ទាល់ដោយចិននៅអឺរ៉ុប បានធ្លាក់ចុះមកនៅត្រឹម ១៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៩ ពោលគឺជាការធ្លាក់ចុះពីទំហំជិត ១០០ពាន់លានដុល្លារ កាលពីពីរឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងគំហុកបែបនេះ បានកើតមានឡើងដោយសារតែ ការគ្រប់គ្រងប្រាក់មូលធនចិនកាន់តែតឹងរ៉ឹង, លំហូសាច់ប្រាក់មានកម្រិតទាប ព្រមទាំងភាពតានតឹងរវាងចិន ជាមួយអាមរិក និងបណ្តាសម្ព័ន្ធមិត្ត។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនចិនជាច្រើន ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមក្នុងការដេញថ្លៃ ដើម្បីបង្កើនភាពជាអ្នកគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អឺរ៉ុប បើទោះបីជាបណ្តាប្រទេសក្នុងប្លុកនេះ ចង់កាត់បន្ថយឥទ្ធិពលរបស់ចិនក៏ដោយ៕