(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះថា ការបើកព្រំដែនរវាងរដ្ឋ និងរដ្ឋឡើងវិញនៅក្នុងប្រទេសដីកោះមួយនេះ នឹងជួយឲ្យមានកំណើនការងារ បើទោះបីជាមានការផ្ទុះករណីឆ្លង COVID-19 ជាចង្កោមនៅក្នុងរដ្ឋធំមួយរបស់អូស្ត្រាលីក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
រដ្ឋអូស្ត្រាលីខាងត្បូង (South Australia) និងរដ្ឋដីកោះ ថាស្មានៀ (Tasmania) បានប្រកាសថា នឹងបើកទ្វារឡើងវិញនៅចុងខែកក្កដា ខណៈរដ្ឋឃ្វីនស៍ឡេនដ៍ (Queensland) វិញត្រូវបានគេរំពឹងថា នឹងចេញសេចក្តីសម្រេចដូចគ្នា នាដើមសប្តាហ៍នេះតែម្តង។ ជុំវិញបញ្ហានេះលោក ម៉ូរីសុន បានប្រាប់វិទ្យុ 2GB របស់អូស្ត្រាលីថា «គ្មានហេតុផលណាមួយ ដែលយើងមិនអាចបោះជំហាន ទៅរកការបើកទ្វារក្នុងប្រទេសឡើងវិញឡើយ។ ពួកគេគួរតែបោះជំហានទៅមុខ។ វានឹងជួយបង្កើនការងារ នៅក្នុងបណ្តារដ្ឋទាំងនោះ»។
គួរបញ្ជាក់ថា ការផ្ទុះករណីឆ្លងជាចង្កោមកាលពីសប្តាហ៍មុន បានធ្វើឲ្យប្រទេសអូស្ត្រាលីទាំងមូល មានភាពស្ទាក់ស្ទើរចំពោះការត្រៀមបើកប្រទេសឡើងវិញ ខណៈប្រទេសដីកោះធំបំផុតលើលោកមួយនេះ រួមទាំងប្រទេសនូវែលសេឡង់ដែលនៅជិតគ្នា ត្រូវបានចាត់ទុកថា បានទទួលជោគជ័យ ក្នុងការទប់ស្កាត់ COVID-19 ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លង COVID-19 សរុបជិត ៧,៧០០ករណី ក្នុងនោះស្លាប់ជាង ១០០នាក់ និងជាសះស្បើយឡើងវិញជិត ៧,០០០នាក់៕