(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍ថា មេបញ្ជាការកំពូលនៃកងកម្លាំងពិសេសអ៉ីរ៉ង់ Quds លោក Esmail Ghaani បានបំពេញដំណើរទស្សនកិច្ច ទៅកាន់ តំបន់ភាគខាងកើត ប្រទេសស៊ីរី ជាលើកដំបូងបំផុត បន្ទាប់ពីលោក Qassem Soleimani ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត កាលពីខែមករាមក នៅលើទឹកដី អ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Tasnim លោក Esmail Ghaani បានបំពេញទស្សនកិច្ច ទៅកាន់ទីក្រុង Abu Kamal ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ជាប់ព្រំដែនជាមួយអ៉ីរ៉ាក់ កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក Tasnim ស្រាប់តែលុបព័ត៌មាននេះចោលវិញដោយមិនបានពន្យល់ពីមូលហេតុអ្វីទាំងអស់។ សេចក្ដីរាយការណ៍ពី ដំណើរទស្សនកិច្ចរបស់លោក Ghaani កើតមានឡើងនៅចំពេលអ៉ីស្រាអែល កំពុងបង្កើនការធ្វើប្រតិបត្តិការយោធា ប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ ទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា លោក Esmail Ghaani បានឡើងកាន់តំណែងជាប្រមុខកងកម្លាំងពិសេស Quds តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Qassem Soleimani ត្រូវបាន យន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត នៅលើទឹកដីអ៉ីរ៉ាក់ កាលពីខែមករាមក ហើយលោកក៏បានស្បថដែរថានឹងដើរតាមគោលនយោបាយរបស់លោក Soleimani៕