(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បច្ចុប្បន្នគឺជាទឹកដីមួយដែលគេមិនអាចធ្វើដំណើរទៅបាន ដោយសារតែ COVID-19 និងបានក្លាយជាសម្ព័ន្ធមិត្តមិនគួរឱ្យទុកចិត្ត សម្រាប់បណ្ដា ប្រទេសជាមិត្តដទៃរបស់ខ្លួន នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យមហាអំណាចលេខ១នៅលើលោក មួយនេះ មានភាពឯកោជាងពេលណាៗទាំងអស់។
៣ឆ្នាំកន្លះមកនេះ ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ មុខមាត់ និងភាពជាមហាអំណាចរបស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ រងការរង្គោះរង្គើរយ៉ាងខ្លាំង ដោយសារគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំ «America First» របស់លោក រហូតដល់បង្កជាទំនាស់ និងភាពរកាំរកូសជាច្រើនជាមួយសម្ព័ន្ធមិត្ត របស់ខ្លួនឯងទៀតផង ជាពិសេសគឺអាល្លឺម៉ង់តែម្ដង។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយថា អន្តរជាតិមិនអាចនៅតែសន្និដ្ឋានថា សហរដ្ឋអាមេរិកនៅបន្តចង់ដើរតួនាទីជាអ្នកដឹកនាំពិភពលោក តទៅទៀតនោះទេ ដូច្នេះហើយគឺចាំបាច់ត្រូវការ ការសម្របសម្រួលអាទិភាពខ្លួនឡើងវិញឲ្យ ស្របទៅតាមបរិបទ។ ក្នុងបទសម្ភាសន៍មួយ នៅក្នុងសប្តាហ៍នេះជាមួយ ក្រុមសារព័ត៌មានអឺរ៉ុបចំនួន៦ រួមមានទាំង The Guardian របស់ចក្រភពអង់គ្លេសផងដែរ លោកស្រី Merkel បានលើកឡើងដូច្នេះថា «យើងភាគច្រើនធំដឹងក្តីឡើង ជាមួយការយល់ដឹងថា សហរដ្ឋអាមេរិកគឺជាអ្នកដើរតួនាទីជាមេដឹកនាំរបស់ពិភពលោក។ ប៉ុន្តែ បើក្នុងករណីដែលនៅពេលនេះ សហរដ្ឋអាមេរិកចង់បោះបង់តួនាទី នេះចោលដោយចិត្តឯងនោះ យើងទាំងអស់គ្នា ត្រូវធ្វើការគិតគូរពិចារណាឡើងវិញឲ្យបានស៉ីជម្រៅ»។
លោក ដូណាល់ ត្រាំ បានបង្កភាពចចម្រូងចម្រាស តាំងតែពីថ្ងៃស្បថឡើងកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧មកម្លេះ ជាមួយការប្រើប្រាស់ ពាក្យពេចន៍ ឱ្យគេគ្រប់គ្នាមើលឃើញថាសហរដ្ឋអាមេរិក គិតតែប្រយោជន៍ខ្លួនឯងជាធំ ដោយកំពុងបោះបង់ចោលប្រព័ន្ធពហុភាគីនិយម។ លោក ត្រាំ បានលើកឡើង នាឱកាស្បថចូលកាន់តំណែង ដូច្នេះថា៖ « យើងត្រូវតែការពារប្រទេសរបស់យើង ពីបណ្ដាប្រទេសដទៃ ដែលរំខានដល់ផលិតផលរបស់យើង,កេងចំណេញលើពួកយើង និងបំផ្លាញការងាររបស់យើង»។
បីថ្ងៃក្រោយមកទៀត បន្ទាប់ពីស្បថចូលកាន់តំណែង លោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក ព្រមទាំង ចុះហត្ថលេខាលើបទបញ្ជាដាក់បម្រាមធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក លើប្រជាជនដែលមកពីប្រទេសអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនមួយចំនួន។ នៅពេល ថ្នាក់ដឹកនាំសហភាអឺរ៉ុប បានជួបប្រជុំគ្នាជាបន្ទាន់ នៅក្នុងប្រទេសម៉ាល់តា នៅខែកុម្ភៈ ឆ្នាំ២០១៧ គោលនយោបាយ «America First» របស់លោក ត្រាំ បានស្ថិតនៅ ក្នុងរបៀបវារៈដ៏សំខាន់ដែលពួកគេលើកយកមកជជែកគ្នា។ អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ថែមទាំងបាននិយាយទៅកាន់ថ្នាក់ដឹកនាំ អឺរ៉ុបថា ការផ្លាស់ប្ដូរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កំពុងធ្វើឱ្យសហភាពអឺរ៉ុប ស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ដោយរដ្ឋបាលអាមេរិកថ្មី ហាក់ដូចជាកំពុងសើរើឡើងវិញ នូវនយោបាយការបរទេសអាមេរិកចំពោះអឺរ៉ុប អស់រយៈពេលជាង៧០ឆ្នាំមកនេះ។
«America First» កាន់តែធ្វើឱ្យសហរដ្ឋអាមេរិក ហាក់ដូចជាឯកោរឹតតែខ្លាំង បន្ទាប់ពីលោកស្រីអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែល ឡាមឺគែល បាននិយាយចំៗ ថាអឺរ៉ុប ត្រូវកំណត់ជោគវាសនានៅលើដៃខ្លួនឯង ហើយខ្ញុំជឿជាក់ថាភាពរឹងមាំ នឹងបញ្ជាក់យ៉ាងច្បាស់ពីតួនាទីរបស់យើងនៅលើឆាកអន្តរជាតិ ក្នុងការការពារទំនាក់ ទំនងអន្តរអត្លង់ទិចរបស់យើង។
បីខែក្រោយមកទៀត ដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ បានបង្ហាញថាអ្វីដែលលោកស្រី មឺគែល បាននិយាយគឺពិតជាត្រឹមត្រូវ។ នៅឯទីស្នាក់ការអង្គការ NATO ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក លោក ត្រាំ បានរិះគន់ឥតសំច្ចៃមាត់លើបណ្ដាប្រទេសអឺរ៉ុបជាពិសេសគឺ អាល្លឺម៉ង់ថាបានអនុវត្ត ពាណិជ្ជកម្មមិនត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក និងមិនបានចូលរួមវិភាគទានគ្រប់គ្រាន់ជាមួយអាមេរិក នៅក្នុងអង្គការ NATO អមជាមួយការព្រមានដកកងទ័ពអាមេរិក ចេញពីបណ្ដាប្រទេសទាំងឡាយណា ដែលមិនបានបង្កើនកញ្ចប់ថវិកាការពារជាតិតាមលោកស្នើសុំ។
ពាក្យព្រមានបានក្លាយជាការពិត ដោយលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានទទួលស្គាល់ពីផែនការដកកងទ័ពអាមេរិកជិត ១ម៉ឺននាក់ ចេញពីប្រទេសអាល្លឺម៉ង់ ដោយចោទថាទីក្រុងប៊ែរឡាំង បរាជ័យក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិ ក្នុងនាមជាសមាជិក NATO តាមការស្នើសុំរបស់លោក។ ដោយឡែក លោក ដូណាល់ ត្រាំ កាលពីខែមករា កន្លងទៅ បានសរសើរចិនពេញៗមាត់ជុំវិញការ ដោះស្រាយបញ្ហា COVID-19។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំគិតថាទំនាក់ទំនងរបស់យើង (ចិន-អាមេរិក) កំពុងមានភាពល្អប្រសើរជាងពេលណាៗ ទាំងអស់»។
ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរទាំងស្រុង នៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានឆ្លងរាតត្បាតដោយ COVID-19 នៅចុងខែមេសា ហើយក្រោយមក លោក ត្រាំ ចាប់ផ្ដើមរិះគន់ចិន និងហៅ COVID-19 ថា ជា «វីរុសចិន»។ លោក បានជំរុញឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃ COVID-19 និងការដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាតនេះរបស់ចិន ហើយក៏បានចោទថាចិនកំពុងប្រើប្រាស់ COVID-19 ដើម្បីរារាំងរូបលោកមិនឱ្យជាប់ឆ្នោតជាថ្មីផងដែរ។ ភាពជាមហាអំណាចដ៏គួរឱ្យទុកចិត្ត របស់សហរដ្ឋអាមេរិក កាន់តែ មានរូបភាពមិនល្អនៅលើឆាកអន្តរជាតិ បន្ទាប់ពីលោក ត្រាំ ប្រកាសកាត់ផ្ដាច់ទំនាក់ទំនង និងជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO ដោយចោទប្រកាន់ថា បរាជ័យក្នុងការដោះស្រាយ COVID-19 និងជាអាយ៉ងរបស់ចិន។
ការសម្រេចចិត្តបែបនេះរបស់លោក ដូណាល់ ត្រាំ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ ព្រោះវាធ្វើឡើងមិនចំពេលវេលា ដ្បិតពិភពលោក រួមទាំងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ត្រូវការជាចាំបាច់អង្គការ WHO ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
គួរជម្រាបថា បើសិនជា COVID-19 គឺជាវិបត្តិតែមួយគត់របស់លោក ដូណាល់ ត្រាំ ពិភពលោកអាចនឹងមិននិយាយអ្វីច្រើនឡើយ។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ បានធ្វើឱ្យ ពិភពលោកភ្ញាក់ផ្អើលផង និងខឹងសម្បារផងជាបន្តបន្ទាប់ តាមរយៈការដកសហរដ្ឋអាមេរិក ដកចេញពីកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនក្នុងនោះរួមមាន កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់, ការបង្កសង្រ្គាមពាណិជ្ជកម្មជាមួយចិន និងការកាត់បន្ថយជំនួយដល់អង្គការសហប្រជាជាតិជាដើម៕
ប្រភព៖ CNN (ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០)