(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta នៅថ្ងៃសុក្រសប្តាហ៍នេះ បានឲ្យដឹងថាក្នុងពេលឆាប់ៗ ខ្លួននឹងផ្ញើសេចក្តីជូនដំណឹង ពីលទ្ធភាពនៃការព្យួរការងារ ទៅកាន់អាកាសយានិកប្រមាណ២៥០០នាក់ ស្របពេលដែលវិស័យអាកាសចរណ៍បាននិងកំពុងបន្តរង ផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវិបត្តិជំងឺឆ្លងជាសកល COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីផ្តល់ការត្រៀមលក្ខណៈឲ្យបានល្អ ប្រសើរបំផុតសម្រាប់អាកាសយានិករបស់យើង ក្នុងករណីដែលការព្យួរការងារចាំបាច់ត្រូវតែធ្វើឡើងនោះ គឺក្រុមហ៊ុន Delta នឹងផ្ញើសារ
ជូនដំណឹងពាក់ព័ន្ធបញ្ហានេះ ទៅឲ្យអាកាសយានិកប្រហែល២,៥០០នាក់របស់យើង នៅសប្តាហ៍ក្រោយ។

ក្រុមហ៊ុន Delta ក៏បានសម្រេចកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នជាមួយនឹងសមាគមអាកាសយានិកដែលហៅកាត់ថា ALPA ផងដែរ ស្តីពីការផ្តល់ជម្រើសចូលនិវត្តន៍មុនពេលកំណត់ដោយស្ម័គ្រចិត្ត។ បើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ Delta គម្រោងផ្តល់ ជម្រើសឲ្យអាកាសយានិកចូលនិវត្តន៍មុនពេលនេះ ជំហានចាំបាច់មួយ ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារតែវិបត្តិ COVID-19 តាមរយៈការព្យាយាមសម្របសម្រួលចំនួនបុគ្គលិក ឲ្យស្របតាមតម្រូវការនៃជើងហោះហើរនាពេលបច្ចុប្បន្ន។

គួរជម្រាបថា កន្លងទៅក្នុងសប្តាហ៍នេះ យោងតាមសារអ៉ីម៉ែលផ្ទៃក្នុងមួយ លោក Ed Bastian ជានាយកប្រតិបត្តិក្រុមហ៊ុន Delta បានជូន ដំណឹងដល់បុគ្គលិកថា ក្រុមហ៊ុនមានគម្រោងនឹងបន្ថែមជើងហោះហើរប្រហែល១,០០០ជើង នៅខែសីហាខាងមុខ ប៉ុន្តែក្រៅពីនេះគឺនឹង មិនមានការបន្ថែមជើងហើរច្រើនទៀតឡើយ។ លោក Bastian បានបន្តថា ប្រហែលត្រូវរង់ចាំយ៉ាងហោច២ឆ្នាំទៀត ទើបការហោះហើរ អាចវិញទៅរកសភាពប្រក្រតីដូចដើមវិញ៕