(វ៉ាស៊ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិនៃសហរដ្ឋអាមេរិក បានផ្ញើលិខិតទៅកាន់នាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ០៥ ដោយបានស្នើសុំពួកគេធានាឲ្យបានថា ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេទាំងនោះ នឹងមិនត្រូវបានប្រើប្រាស់ ដើម្បីញុះញង់ឲ្យមានអំពើហិង្សាឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរនារសៀលថ្ងៃសោរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
ក្រុមហ៊ុនបច្ចេកវិទ្យាទំាង ០៥ ខាងលើរួមមានដូចជាក្រុមហ៊ុន Facebook, ក្រុមហ៊ុន Twitter, ក្រុមហ៊ុន Google, ក្រុមហ៊ុន Snapchat និងក្រុមហ៊ុន Apple ដែលសុទ្ធតែជាក្រុមហ៊ុនធំៗបំផុត របស់សហរដ្ឋអាមេរិក។
នៅក្នុងលិខិតដែលនាយកដ្ឋានសន្តិសុខជាតិអាមេរិក បានផ្ញើទៅនាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង ០៥ ខាងលើនេះបានលើកឡើងយ៉ាងដូច្នេះថា «យើងសរសេរទៅកាន់អ្នក គឺដើម្បីស្នើសុំអ្នកឲ្យចូលរួមចំណែក ក្នុងការទប់ស្កាត់អំពើហិង្សា និងសកម្មភាពខុសច្បាប់ ដែលបានរីលរាលដាលពាសពេញប្រទេសរបស់យើង ដោយអ្នកត្រូវធានាថា វេទិការបស់អ្នកមិនត្រូវបានប្រើជាឧបរកណ៍សម្រាប់រៀបចំ, សម្របសម្រួល ឬញុះញង់កុបកម្ម ដែលរំលោភបំពានលើច្បាប់រដ្ឋ ឬច្បាប់របស់មូលដ្ឋាននោះឡើយ»។
ក្នុងលិខិតដដែលនេះ បានសង្កត់ធ្ងន់ទៀតថា «ការប្រើប្រាស់ក្នុងផ្លូវខុស នៃបណ្តាញទំនាក់ទំនងសង្គមរបស់ពួកអ្នក គឺពិតជាការគំរាមកំហែងដល់សន្តិសុខ របស់ប្រទេសជាតិយើង... នាយកដ្ឋានសូមគាំទ្រសំឡេងដ៏មានឥទ្ធិពល ដែលបណ្តាញទំនាក់ទំនងសង្គមផ្តល់ដល់អ្នកប្រើប្រាស់»។
គួរបញ្ជាក់ថា លិខិតខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសកម្មភាពបាតុកម្ម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ បានកើតឡើងពាសពេញសហរដ្ឋអាមេរិក ក្រោយពីមានបុរសស្បែកខ្មៅវ័យ ៤៦ឆ្នាំម្នាក់បានស្លាប់ក្រោមជង្គង់របស់ប៉ូលីសស្បែកស ក្នុងប្រតិបត្តិការបង្រាបមួយ យ៉ាងឃោឃៅកាលពីចុងខែឧសភា កន្លងទៅនេះ៕