(ស៊ីដនី)៖ ក្រុមហ៊ុនមូលធនឯកជនធំមួយរបស់អាមេរិក ប៊ែន ខេបភីថល (Bain Capital) បានយល់ព្រមទិញយកក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី វើជីន (Virgin Australia) ដែលបានដួលរលំនោះហើយ ប៉ុន្តែសម្រាប់តម្លៃនៃការទិញលក់នេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មាននៃការយល់ព្រមទិញខាងលើនេះ ត្រូវបានបញ្ចេញដោយក្រុមហ៊ុន សាយរឹស ខេបភីផល ផាតណឺ ( Cyrus Capital Partners) ដែលជាគូប្រជែងទិញយក Virgin Australia តាំងពីដំបូងជាមួយ Bain Capital ប៉ុន្តែក្រុមហ៊ុនអាមេរិកមួយនេះសុខចិត្តដកថយវិញ ដោយអះអាងថា ខាងក្រុមហ៊ុន Virgin Australia មិនបានធ្វើទំនាក់ទំនងជាប់លាប់ជាមួយខ្លួន។

ជុំវិញព័ត៌មានខាងលើនេះដែរសហប្រធានរដ្ឋបាលក្រុមហ៊ុន Bain Capital លោក វូហ្គាន ស្ត្ររប្រ៊ីច ( Vaughan Strawbridge) បានគូសបញ្ជាក់ថា «ក្រុមហ៊ុន Bain Capital បានបង្ហាញចេញពីការដេញថ្លៃដ៏មានប្រសិទ្ធភាព និងគួរឱ្យទាក់ទាញសម្រាប់អាជីវកម្ម ដែលនឹងធានាចំពោះអនាគត ក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់លេខ ២ របស់អូស្រ្តាលី, បុគ្គលិករាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ ហើយក្រុមហ៊ុនក៏ធានាផងដែរថា អូស្រ្តាលីនឹងនៅតែទទួលបានអត្ថប្រយោជន៍ ពីវិស័យអាកាសចរណ៍ ដែលមានការប្រកួតប្រជែង»

គួរបញ្ជាក់ថា មិនត្រឹមតែអាកាសចរណ៍អូស្ត្រាលីនោះទេ ដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំងឺ COVID-19 រាតត្បាតពិភពលោក ដោយអាកាសចរណ៍ទាំងតូចទាំងធំ នៅទូទាំងសកលលោក សុទ្ធតែរងគ្រោះទាំងអស់។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាកាសចរណ៍ធំបំផុត កាន់តាស់ (Qantas) របស់អូស្ត្រាលី បានប្រកាសកាត់បន្ថយបុគ្គលិកប្រមាណ ៦,០០០នាក់ និងបញ្ឈរជើងយន្តហោះ ១០០គ្រឿងផងដែរ៕