(ឡូសអាន់ជែឡែស)៖ ស្ថានការណ៍ COVID-19 នៅរដ្ឋកាលីហ្វ័រញ៉ា នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់ ខណៈអត្រាអ្នកឆ្លងថ្មីៗនៅក្នុងរដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិកមួយនេះ បានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យអាជ្ញាធរឈឺក្បាលយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋកាលីហ្វ័រញ៉ាបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 ហូតទៅដល់ ៧,១៤៩ករណីដែលជាតួលេខខ្ពស់បំផុតពុំធ្លាប់មានពីមុនមកឡើយ។ ចំណែកឯតួលេខអ្នកឆ្លងថ្មីៗដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញ (ម៉ោងនៅឡូសអាន់ជែឡែស) រដ្ឋមួយនេះបានប្រកាសប្រាប់ឲ្យដឹងថា មានចំនួន ៥,៣៤៩ករណី។ បើទោះបីជាតួលេខចុងក្រោយនេះ បានធ្លាក់ចុះបន្តិចមកវិញក៏ដោយ ក៏មិនមានធ្វើឲ្យអាជ្ញាធរសប្បាយចិត្តនោះឡើយ ដ្បិតថាចំនួននេះគឺនៅខ្ពស់ឆ្ងាយនៅឡើយ បើប្រៀបធៀបនឹងតួលេខមុនៗ។
តាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសម (Gavin Newsom) បានលើកឡើងយ៉ាងដូច្នេះថា «កាលពីម្សិលមិញយើងមានករណីឆ្លងថ្មីចំនួន ៧,១៤៩ករណី។ ថ្ងៃនេះបានធ្លាក់ចុះមកនៅត្រឹម ៥,៣៤៩ករណី ប៉ុន្តែវានៅតែជាតួលេខខ្ពស់ ហួសការរំពឹងទុករបស់យើងដដែល»។ ជាមួយគ្នានោះដែរ អភិបាលរដ្ឋរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ ឲ្យប្រកាន់ភ្ជាប់ការរក្សាអនាម័យឲ្យបានល្អ ដូចជាការពាក់ម៉ាស, លាងដៃឲ្យបានញឹកញាប់ និងការអនុវត្តគម្លាតសុវត្ថិភាពជាដើម។
នៅចំពោះមុខបញ្ហានេះ លោក Newsom បានព្រមានថា អាជ្ញាធរអាចនឹងត្រឡប់ទៅដាក់ចេញនូវវិធានការរឹតបន្តឹងសាជាថ្មី ហើយក៏អាចតឹងតែងជាងលើកមុនទៅទៀត ប្រសិនបើអត្រាអ្នកឆ្លងថ្មីៗនៅតែបន្តកើនឡើង។ លោកអភិបាលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមានបំណងចង់ធ្វើវាទេ។ យើងពិតជាមិនចង់នោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា យើងបានត្រៀមខ្លួនរួចហើយ ប្រសិនបើគេចមិនផុតទេនោះ»។
គួរជម្រាបថា រហូតមកទល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ាមានករណីឆ្លងជំងឺ COVID-19 សរុប ២០១,០០៤ករណី ខណៈដែលតួលេខសរុបនៅទូទាំងសហរដ្ឋអាមេរិកវិញបានកើនលើស ២.៥លានករណីហើយ ក្នុងនោះស្លាប់ជាង ១២.៦ម៉ឺននាក់ និងជាសះស្បើយឡើងវិញជាង ១លាននាក់៕