Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: កិច្ចប្រជុំនុយក្លេអ៊ែរអាមេរិក-រុស្ស៊ី «គ្មានលទ្ធផល» ព្រោះអាមេរិកនៅតែចង់ឲ្យចិនចូលរួម, អាមេរិករក្សាសិទ្ធិធ្វើតេស្តនុយក្លេអ៊ែរ តែមិនមែនពេលនេះ

25-06-2020 17:20

(វ៉ាស៊ីនតោន)៖ ប្រេសិតពិសេសអាមេរិក ទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ លោក ម៉ាសាល ប៊ីលលីងស្លៀ (Marshall Billingslea) បានប្រាប់សមភាគីរុស្ស៊ីថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមានហេតុផលណាមួយ ត្រូវធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅពេលនេះនោះទេ។ ប៉ុន្តែ មានសិទ្ធិដឹកនាំការធ្វើតេស្ដ ប្រសិនបើចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

លោក Billingslea ធ្វើការកត់សម្គាល់ដូចខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយបិទបញ្ចប់កិច្ចប្រជុំជាមួយរុស្ស៊ីក្នុងទីក្រុងវីយែ្យន ប្រទេសអូទ្រីស ជុំវិញសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ New START ដែលនឹងត្រូវអស់សុពលភាពនៅខែកុម្ភៈ ឆ្នាំ២០២១។ លោក Billingslea បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនឹងរក្សាសិទ្ធិធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បើសិនជាយើងមើលឃើញហេតុផលចំាបាច់ ដែលតម្រូវឱ្យយើងត្រូវធ្វើដូច្នេះ។ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នខ្ញុំមិនឃើញថា មានហេតុផលពិសេសណាមួយដែល តម្រូវឱ្យយើងដឹកនាំធ្វើតេស្ដនុយក្លេអ៊ែរនោះទេ»

គួរបញ្ជាក់ថា ដូចការរំពឹងទុក កិច្ចចរចាពីសន្ធិសញ្ញា New START ក្នុងទីក្រុងវីយ្យែន រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីមិនទទួលបានលទ្ធផលធំដុំអ្វីឡើយ ដ្បិតរដ្ឋបាលលោក ត្រាំ នៅតែបញ្ជាក់ជំហរដដែល នោះគឺចង់ឱ្យចិនចូលរួមក្នុងកិច្ចចរចានេះដែរ តែទីក្រុងប៉េកាំងបានបដិសេធ។ កិច្ចចរចានៅជុំបន្ទាប់ អាចនឹងត្រូវធ្វើឡើងនៅចុងខែកក្កដា ឬក៏ដើមខែសីហាខាងមុខនេះ ដោយសហរដ្ឋអាមេរិកនៅតែសង្ឃឹមថា ចិនអាចនឹងចូលរួម៕