(ប៉េកាំង)៖ ប្រាក់ចំណូលក្រុមហ៊ុន Tencent Holdings Ltd. របស់លោក ផូនី ម៉ា (Pony Ma) បានកើនឡើងបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ ដែលបានធ្វើឲ្យក្រុមហ៊ុននេះ​មានទ្រព្យសម្បត្តិសរុបលើសក្រុមហ៊ុន Alibaba របស់លោក ជែក ម៉ា (Jack Ma) ដែលប្រការនេះមានន័យថា លោក Pony Ma បានក្លាយជាកំពូលមហាសេដ្ឋីលេខ ១ ប្រចាំប្រទេសចិនហើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Bloomberg នាល្ងាចថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

Tencent ដែលជាក្រុមហ៊ុនផលិត Game ធំបំផុតនោះ បានលោតរំលងក្រុមហ៊ុន Alibaba និងក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតនៅអាស៊ី ជាមួយនឹងតម្លៃហ៊ុនកើនឡើងដល់លើស ៥០០ដុល្លារហុងកុង (៦៤.៥០ដុល្លារអាមេរិក) លើទីផ្សារនៅក្នុងថ្ងៃពុធនេះជាលើកដំបូងបំផុត។ ពិនតូវតូវ (Pinduoduo) ដែលជាកម្មវិធី App ទិញទំនិញតាមអនឡាញរបស់ Tencent ក៏ទទួលបានការរីកចំរើនលើសពីទ្វេដងផងដែរ​នៅក្នុងឆ្នាំ២០២០នេះ។

ជាការពិតណាស់​ទ្រព្យសម្បត្តិនៃក្រុមហ៊ុនយក្សទាំងពីរខាងលើនេះ ក៏បង្ហាញអំពីភាពមានបាន​នៃស្ថាបនិករបស់ពួកគេផងដែរ ដោយពេលនេះតម្លៃទ្រព្យសម្បត្តិសរុបរបស់លោក Pony Ma ម្ចាស់គ្រប់គ្រងរបស់ Tencent គឺ ៥០ពាន់លានដុល្លារអាមេរិក ខណៈលោក Jack Ma ម្ចាស់គ្រប់គ្រងរបស់ Alibaba វិញមានត្រឹមតែ ៤៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

គួរបញ្ជាក់ថា អំឡុងនៃការរាតត្បាតជំងឺ COVID-19 ឥរិយាបទនៃការទិញទំនិញរបស់អតិថិជន ក៏មានការប្រែប្រួលផងដែរ ហើយវាពិតណាស់ថា បានបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន Alibaba។ ប៉ុន្តែចំពោះក្រុមហ៊ុនផលិតហ្គេម Tencent វិញនោះ ការរីកចំរើនត្រូវបានគេមើលឃើញយ៉ាងច្បាស់ នៅអំឡុងពេលនៃការរាតត្បាតវីរុសសកលនេះ៕