(បាងកក)៖ រូបសំណាក ឬបូជនីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួននៅក្នុងប្រទេសថៃ បានបាត់ខ្លួនដោយគ្មានមូលហេតុច្បាស់លាស់។ ប៉ុន្តែអ្វីដែលគេដឹង វាមិនមែនជារូបសំណាកតំណាងឱ្យពួកអាណានិគម ឬក៏ម្ចាស់ទាសករ ដែលត្រូវបានរំលំចោលដោយក្រុមបាតុករនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។
រូបសំណាកដែលបានបាត់ គឺជារូបសំណាក ឬបូជនីយដា្ឋនតំណាងឱ្យមេដឹកនាំបដិវត្តន៍ថៃឆ្នាំ១៩៣២ ដែលបានបិទបញ្ចប់របបរាជានិយមផ្ដាច់ការនៅក្នុងប្រទេសថៃ។ អ្នកទាំងនេះត្រូវបានមជ្ឈដ្ឋានទូទៅ ចាត់ទុកថាជាវីរៈបុរស និងជានិមិត្តរូបលទ្ធិប្រជាធិបតេយ្យ។ បើតាម Reuters បូជនីយដា្ឋនចំនួន ០៦ទីតាំងរបស់អតីតមេដឹកនាំបដិវត្តន៍ថៃ នៃគណបក្សប្រជាជន (People's Party) ត្រូវបានដកចេញ ឬប្ដូរឈ្មោះថ្មី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមមន្ត្រីថៃមិនបានឆ្លើយតប ទៅនឹងសំនួររបស់ទីភ្នាក់ងារព័ត៌មាន Reuters ពាក់ព័ទ្ធរឿងរ៉ាវខាងលើនេះឡើយ។ ប៉ុន្តែអ្នកប្រវត្តិសាស្ត្រខ្លះយល់ថា ការដកចេញ ឬប្ដូរឈ្មោះរូបសំណាកទាំងនោះ មានជាប់ពាក់ព័ន្ធនឹងការតស៊ូផ្នែកមនោគមន៍វិជ្ជាជុំវិញប្រវត្តិសាស្ត្ររបស់ថៃ និងមួយផ្នែកទៀត អាចជាប់ពាក់ព័ន្ធនឹងក្រុមអ្នកភិរក្សនិយមដែលស្មោះស័្មគ្រនឹងរបបរាជានិយម និងព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។
គួរបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោត និងការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីឆ្នាំ២០១៩ បូជនីយដា្ឋនមួយចំនួនរបស់ អតីតមេដឹកនាំបដិវត្តន៍ថៃ នៃគណបក្សប្រជាជន (People's Party)នៅឯទីតាំងយោធាមួយចំនួន ត្រូវបានដកចេញ ហើយសារៈមន្ទីរមួយរំលឹកដល់ការធ្វើបដិវត្តន៍នៅក្នុងទីក្រុងឈៀងរ៉ៃ (Chiang Rai) ក៏ត្រូវបានប្ដូរឈ្មោះផងដែរ៕