(តូក្យូ)៖ នៅពេលស៊ីផ្លេឡានបានពន្លឺឡើង ភាពភ័យរន្ធត់ក៏បានចាប់ផ្តើម។ ផ្ទាំងទស្សនីយភាពនៃអំពើឃាតកម្មបង្ហូរឈាមយ៉ាងសាហាវ រួមមានខ្មោចឆៅ (Zombie) ទាំងហ្វូងៗដើរសំដៅមកឡានយ៉ាងគួរឲ្យភ័យរន្ធត់បំផុត ខណៈពេលដែលភ្ញៀវនៅក្នុងឡាន អាចស្រែកខ្លាំងៗតាមចិត្តចង់ ដោយមិនតម្រូវឲ្យពាក់ម៉ាសនោះឡើយ។ នេះជាទម្រង់នៃល្បែងផ្ទះខ្មោចលងថ្មីមួយ ដែលត្រូវបានកែឆ្នៃឡើង ដោយយុវជនវ័យក្មេងមួយក្រុម នៅក្នុងកំឡុងពេលនៃវិបត្តិសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។
លោក គែនតា អ៊ីវ៉ាណា (Kenta Iwana) អាយុ ២៥ឆ្នាំ ដែលជាផលិតករនៃទម្រង់នៃល្បែងផ្ទះខ្មោចលងថ្មីនេះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា «តាមពិតទម្រង់ថ្មីនេះ ទំនងមានភាពភ័យរន្ធត់ខ្លាំងជាងទម្រង់ចាស់»។ លោក Iwana បានបន្ថែមទៀតថា «នៅក្នុងល្បែងផ្ទះខ្មោចលង ដោយបើកឡានចូលនេះ ភ្ញៀវត្រូវបានបង្ខាំងទុកនៅក្នុងឡាន ដូច្នេះពួកគេមិនអាចរត់គេចចេញបានទេរហូតដល់ទីបញ្ជប់... វាធ្វើឲ្យពួកគេកាន់តែមានភាពភ័យខ្លាច»។
លោក Iwana បានកើតមានជាគំនិតកែច្នៃល្បែងផ្ទះខ្មោចលងបែបនេះ ក៏ព្រោះតែទម្រង់ល្បែងផ្ទះខ្មោចលងបែបបុរាណរបស់លោក ត្រូវបានគេលុបចោលទាំងស្រុង ក្នុងហេតុផលថា វាមិនសក្តិសមនឹងសម័យកាល COVID-19 ដ្បិតថាវាអាចបង្កហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺសកលមួយនេះ។ ផលិតករវ័យក្មេងមួយនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ព្រោះតែទម្រង់បែបបុរាណ វាបានបង្កើតបរិយាកាស Cs បី»។ Cs ទាំងបីនោះលោកចង់សំដៅទៅលើលក្ខខណ្ឌ ដែលអ្នកជំនាញជប៉ុនព្រមានពីហានិភ័យ ក្នុងការចម្លងវីរុស៖ ទី១ ទីធ្លាចង្អៀត (Closed spaces), មនុស្សម្នាច្រើន (crowded places) និងស្ថានការណ៍ទំនាក់ទំនងជិតស្និទ្ធ ( close-contact settings)។
តាមពិតទៅ លោក Iwana និងក្រុមរបស់ខ្លួនឈ្មោះ កូវ៉ាហ្គារ៉ាសេតាអ៉ិ (Kowagarasetai) ដែលមានន័យថា «ក្រុមចង់បំភ័យគេ» ដំបូងឡើយបានព្យាយាមបង្កើតការសម្តែង ដែលត្រូវនឹងស្ថានការណ៍ផ្ទុះរោគឆ្លង ដោយការពាក់ម៉ាសមុខខ្មោចប្រឡាក់សុទ្ធតែឈាម ហើយព្យាយាមប្រើសំឡេងស្រែក ជាជាងការបញ្ចេញមុខ។ ប៉ុន្តែជាអកុសល ព្រឹត្តិការណ៍ភាគច្រើនរបស់ពួកគេ ត្រូវបានលុបចោលវិញ។
គួរបញ្ជាក់ថា រឿងខ្មោច និងល្បែងផ្ទះខ្មោចលងនៅក្នុងប្រទេសជប៉ុន គឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយវាត្រូវបានផ្សាភ្ជាប់ជាពិសេសជាមួយនឹងរដូវក្តៅ ទោះបីជាហេតុផលនៃការភ្ជាប់ទំនាក់ទំនងនោះ មិនមានភាពច្បាស់លាស់ក៏ដោយ។ ច្បាប់គ្រាមានអាសន្នរបស់ប្រទេសមួយនេះ ត្រូវបានដកចេញរួចស្រេចទៅហើយ ខណៈពេលដែលសួនកម្សាន្តមួយចំនួន កំពុងចាប់ផ្តើមបើកដំណើរការឡើងវិញយឺតៗ ដោយមានការរឹតត្បិតលើភ្ញៀវដើរទៅកម្សាន្ត និងការចាត់វិធានការសុវត្ថិភាពនានាជាដើម៕