(វ៉ាស៊ីនតោន)៖ វាអាចនឹងស្ដាប់ទៅទើសត្រចៀក និងពិបាកខ្លាំងណាស់ ក្នុងការស្រមៃថាប្រធានាធិបតីអាមេរិកម្នាក់ ចាញ់នៅក្នុងការបោះឆ្នោតហើយ តែនៅតែក្រាញននាល មិនព្រមចុះចេញពីតំណែង។ ប៉ុន្តែ នាពេលថ្មីៗនេះ អ្នកជំនាញជាច្រើនបានប្រាប់ឱ្យប្រជាជនអាមេរិកត្រៀមខ្លួនទុកជាមុន ចំពោះលទ្ធភាពដែលលោក ដូណាល់ ត្រំា អាចនឹង បដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត។
ការព្រួយបារម្ភពីលទ្ធភាព នៃការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត ត្រូវបានគេយកមកជជែកយ៉ាងផុលផុស នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃដិន កាលពីដើមខែមិថុនា កន្លងទៅ បាននិយាយថាយោធាអាមេរិក អាចនឹងអូសលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន បើសិនជា លោកចាញ់នៅក្នុងការបោះឆ្នោត តែនៅតែក្រាញននាល មិនព្រមចុះចេញពីតំណែង។ ភាពចម្រូងចម្រាស នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនមែនមិនធ្លាប់កើតមាន នោះទេ គ្រាន់តែថារាល់ការផ្ទេរអំណាចសុទ្ធតែធ្វើឡើងដោយសន្តិវិធី។ ជាក់ស្ដែង លោក រីឆាដ និចសុន បានផ្ទេរអំណាចឱ្យលោក ចន អែហ្វ កេណ្ណីឌី ក្នុងឆ្នាំ១៩៦០ បើទោះជា មានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ពីការលួចបន្លំសន្លឹកឆ្នោតក៏ដោយ។ ចំណែកឯ លោក Al Gore ក៏បានទទួលស្គាល់ផងដែរ ការសម្រេចចិត្តរបស់តុលាការ កំពូលដែល សម្រេចឱ្យលោក ចច ដាប់ប៊ែល យូប៊ូស ទទួលបានជ័យជ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០០ ក្រោយមានការប្ដឹងផ្ដល់គ្នាជុំវិញលទ្ធផលបោះឆ្នោតនៅ ក្នុងរដ្ឋផ្ល័ររីដា។
*តើលោក ដូណាល់ ត្រាំ អាចនឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ដែរឬទេ?
បើគេនៅចាំមិនភ្លេចទេ កំឡុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានទទួលសំឡេងប្រតិភូលើសលប់ ដើម្បក្លាយជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ ទន្ទឹមគ្នា លោកមិនបានទទួលស្គាល់ឡើយថាលោកចាញ់លោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងសំឡេងបោះឆ្នោតពីប្រជាជនអាមេរិក ឬ popular vote ហើយថែមទាំងចោទថាសន្លឹកឆ្នោត របស់លោកត្រូវបានគេលួចបន្លំទៀតផង។
លោក ចូ បៃដិន មិនមែនជាមនុស្សតែម្នាក់ដែលព្រួយបារម្ភពីលទ្ធភាពដែលលោក ត្រាំ អាចនឹងបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។ ពោលគឺ សូម្បីតែប្រធានសភា អាមេរិកមកខាងគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi រួមទាំងអតីតមនុស្សជំនិតរបស់លោក ត្រាំ គឺលោក Michael Cohen ក៏ធ្លាប់បាននិយាយដែរថាពួកគេមិន រំពឹងឡើយថាលោក ត្រាំ អាចនឹងផ្ទេរអំណាចដោយសន្តិវិធី នៅពេលដែលលោកចាញ់នៅក្នុងការបោះឆ្នោត។ លោក Cohen បានគូសបញ្ជាក់កំឡុងផ្ដល់សក្ខីកម្ម នៅក្នុងសភា អាមេរិក កាលពីខែមីនា ឆ្នាំ២០១៩ ថា៖ «តាមរយៈបទពិសោធន៍ដែលធ្លាប់ធ្វើការឱ្យលោក ត្រាំ ខ្ញុំពិតជាមានការភ័យខ្លាចថាបើសិនជាគាត់ (លោក ត្រាំ) ចាញ់នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ នោះវាអាចនឹងមិនមានឡើយការផ្ទេរអំណាចដោយសន្តិវិធី»។
លើសពីនេះទៅទៀត ការព្រួយបារម្ភបែបនេះត្រូវបានគេមើលឃើញថាទំនងអាចនឹងក្លាយជាការពិត បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀត នៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ បានព្យាករណ៍ថាការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ អាចនឹងក្លាយជាការបោះឆ្នោតមួយដ៏ពុករលួយបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ថ្លែងទៅកាន់ ក្រុមនិស្សិត នៅក្នុងរដ្ឋ Arizona លោក ត្រាំ បាននិយាយរិះគន់ចំៗ ចំពោះនីតិវិធីបោះឆ្នោតតាមប្រៃសនីយ៍។ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ក្រុមអ្នកប្រជាធិបតេយ្យកំពុង ព្យាយាមលួចបន្លំសន្លឹកឆ្នោត តាមរយៈការយកវីរុសចិន (COVID-19) ជាលេសជំរុញឱ្យប្រជាជនអាមេរិក កុំធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតដោយផ្ទាល់...ហើយដែលនេះ នៅក្នុងគំនិតរបស់ខ្ញុំ ការបោះឆ្នោតនៅពេលខាងមុខ នឹងជាក្លាយការបោះឆ្នោតដ៏ពុករលួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដូច្នេះយើងមិនត្រូវអនុញ្ញាតឱ្យរឿងបែបនេះ កើតឡើងជាដាច់ខាត»។
*តើនឹងមានអ្វីកើតឡើង បើលោក ត្រាំ ចាញ់ក្នុងការបោះឆ្នោត តែមិនព្រមចុះចេញពីតំណែង?
ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ កាន់តែខិតជិតចូលមកដល់ ការស្ទង់មតិជាច្រើននាពេលកន្លងមក បានបង្ហាញថាប្រជាប្រិយភាពរបស់ លោក ដូណាល់ ត្រាំ បានធ្លាក់ចុះខ្លាំងដោយសារតែការដោះស្រាយបញ្ហា COVID-19 និងបាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ ដែលផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់។ បើតាមអ្នកវិភាគនយោបាយ លោក Lincoln Mitchell គេមិន អាចដឹងបានឡើយថានឹងមានអ្វីកើតឡើងឱ្យពិតប្រាកដ បើសិនជាលោក ត្រាំ ចាញ់ឆ្នោតហើយ តែមិនព្រមចេញពីសេតវិមាន។ ក៏ប៉ុន្តែ បើសិនជាថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយអភិរក្សនិយមដូចជា ទូរទស្សន៍ Fox News គាំទ្ររាល់ការអះអាងរបស់លោក ត្រាំ នោះភាពជាប់គាំងនយោបាយ, បាតុកម្ម ឬជម្លោះអាចនឹងផ្ទុះឡើង ក៏ថាបាន។
តែទោះជាយ៉ាងនេះក្ដី រឿងបែបនេះត្រូវបានសាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយមកពីសាកលវិទ្យាល័យ New Haven (University of New Haven) លោក Joshua Sandman អះអាងថាវាមានភាគរយតិចតួចបំផុតថាអាចនឹងកើតឡើង ហើយបើទោះជាលោក ត្រាំ ចាញ់ហើយ មិនព្រមចុះចេញពីតំណែង ក៏ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ មិនព្រម នោះដែរ ដោយពួកគេមុខជាដាក់សម្ពាធឱ្យលោក ត្រាំ ផ្ទេរអំណាច និងចុះចេញពីតំណែងដោយសន្តិវិធី ដើម្បីការពារកិត្តិយសប្រធានាធិបតីអាមេរិក និងមុខមាត់គណបក្ស។
ម្យ៉ាងវិញទៀត លោក ដូណាល់ ត្រាំ ផ្ទាល់ក៏ធ្លាប់បានអះអាងជាសាធារណៈឆ្លើយតបទៅនឹងលោក ចូ បៃដិន ដែរថា លោកនឹងចុះចេញពីតំណែង បើលោកពិតចាញ់នៅក្នុងការ បោះឆ្នោតមែននោះ។ លោក ត្រាំ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដូច្នេះថា៖ «ជាការពិតណាស់, បើខ្ញុំចាញ់នៅក្នុងការបោះឆ្នោត ខ្ញុំនឹងចុះចេញពីតំណែង ដោយសន្តិវិធី ហើយខ្ញុំនឹងទៅធ្វើការងារផ្សេង។ ប៉ុន្តែ បើខ្ញុំចាញ់ពិតមែន នោះវានឹងក្លាយជារឿងមិនល្អសម្រាប់សហរដ្ឋអាមេរិក»។
គួរជម្រាបថា ការនិយាយថាលោក ដូណាល់ ត្រាំ អាចនឹងចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោត ហាក់ដូចជាលឿនពេកហើយ ដ្បិតថ្វីបើធ្លាក់ចុះប្រជាប្រិយភាពក៏ពិតមែន តែមិនប្រាកដថាលោក ត្រាំ នឹងបាត់បង់ឱកាសទាំងស្រុងនោះដែរ ខណៈក្រុមអ្នកមាននិន្នាការអភិរក្សនិយមនៅតែគាំទ្ររូបលោក ហើយនៅពេលនេះអ្វីដែលលោកត្រូវធ្វើដើម្បី ស្ដារស្ថានការណ៍ឡើងវិញ នោះគឺសេដ្ឋកិច្ចជាតិ និងដោះស្រាយវិបត្តិគ្មានការងារធ្វើ ដែលបង្កឡើងដោយ COVID-19៕
ប្រភព៖ CNN (នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០)