(ហាវ៉ៃ)៖ ពិធីធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំមួយនៃអដ្ឋិធាតុទាហានកូរ៉េខាងត្បូង ដែលបានពលីជីវិតនៅក្នុងការចូលរួមជាមួយកងទ័ពអាមេរិក អំឡុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ត្រូវរៀបចំធ្វើឡើងនៅម៉ោង ៤៖០០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅឯមួលដ្ឋានទ័ពភើលហាប៊ឺ (Pearl Harbor) ស្ថិតនៅលើកោះហាវ៉ៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Military Times នៅរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។
បើតាមអ្នកស្រាវជា្រវមកពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អដ្ឋិធាតុទាហានកូរ៉េខាងត្បូងខាងលើមានចំនួន ១៤៧នាក់ នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីឃា្លតឆ្ងាយពីមាតុភូមិរបស់ពួកគេ អស់រយៈពេលជិត ៧០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ពិធីនៅលើកោះហាវ៉ៃ ពិធីទទួលអដ្ឋិធាតុទាហានកូរ៉េខាងត្បូងមួយដាច់ដោយឡែកទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ស្អែកនេះនៅក្នុងទីក្រុងសេអ៊ូល នាឱកាសប្រារព្ធខួបលើកទី ៧០ នៃការផ្ទុះឡើងនូវសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ និងដែលបានផ្ដាច់ជីវិតទាហានអាមេរិក ៣៦,៥៧៤នាក់ ព្រមទាំងរបួស ១០៣,២៨៤នាក់ ខណៈមកទល់នឹងពេលនេះទាហានអាមេរិក ៧,៦០០នាក់់នៅតែបន្តបាត់ខ្លួននៅឡើយ៕