Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន សម្រេចផ្អាកសកម្មភាពយោធា ដែលគ្រោងធ្វើឡើង ដើម្បីសងសឹកកូរ៉េខាងត្បូង (Video inside)

24-06-2020 09:01

(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាច បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

ប្រភពពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏ត្រូវបានដកស្រង់បន្ថែមទៀតដែរថា ក្រៅពីការប្រកាសផ្អាកសកម្មភាពយោធា ទីក្រុងព្យុងយ៉ាងក៏បានរៀបចំ ដំណោះស្រាយផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ នៅក្នុងពេលធ្វើសង្គ្រាមផងដែរ។ ការសម្រេចចិត្តរបស់កូរ៉េខាងជើង បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីខ្លួនបានប្រកាសថា នឹងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងវិញចំនួន ១២លានសន្លឹក ជាការសងសឹកឲ្យសមតម្លៃ ចំពោះអ្វីដែលកូរ៉េខាងត្បូងបានធ្វើ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រែជាតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីក្រុមជនជាតិកូរ៉េខាងជើង ដែលរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាបង្ហោះបាឡុងមានផ្ទុកខិត្តប័ណ្ណ ប្រឆាំងមេដឹកនាំកំពូលកូរ៉េខាងជើង នៅតាមតាមតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ។ ជាការឆ្លើយតបកូរ៉េខាងជើងបានបំផ្ទុះអគារ ការិយាល័យទំនាក់ទំនង ២៤ម៉ោងរវាងកូរ៉េទាំងពីរ ដែលត្រូវបានដំណើរការកាលពីឆ្នាំ២០១៨ និងប្រកាសដាក់ពង្រាយយោធានៅតាមចំណុចព្រំដែនមួយចំនួន នៅជាប់កូរ៉េខាងត្បូងឡើងវិញ។ ប៉ុន្តែតាមរយៈសេចក្តីប្រកាសខាងលើនេះ ការដាក់ពង្រាយយោធាត្រូវបានផ្អាកវិញហើយ៕