(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងចាប់ខ្លួនអ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា ដោយព្រមានថា ពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការព្រមានបែបនេះនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារនេះ និងចំពេលដែលរូបសំណាក ឬបូជនីយដ្ឋានដែលមានជាប់ពាក់ព័ន្ធនឹងទាសភាព និងអាណានិគម កំពុងស្ថិតនៅក្រោមគោលដៅរបស់ក្រុមបាតុករនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនអឺរ៉ុប។ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ខ្ញុំបាន អនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ ចាប់ខ្លួនអ្នកទាំងឡាយណា ដែលបំផ្លាញរាល់រូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បតិ្តសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ដោយ ពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ដោយយោងទៅតាមច្បាប់អភិរក្សអនុស្សាវរីយ៍របស់អតីតយុទ្ធជន (Veteran's Memorial Preservation Act)»។
គួរជម្រាបថា ការព្រមានរបស់លោក ដូណាល់ ត្រាំ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសអាមេរិក បានព្យាយាមរារាំងមនុស្សមួយក្រុម មិនឱ្យបំផ្លាញ និងរំលំ រូបសំណាកអតីតប្រធានាធិបតីអាមេរិក លោក Andrew Jackson ស្ថិតនៅខាងក្រៅសេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ។
បាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាមេរិក បានផ្ទុះឡើងតាំងតែថ្ងៃទី២៥ ខែឧសភាមកម្លេះ ពោលគឺបន្ទាប់បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ត្រូវបានប៉ូលិស ម្នាក់ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota យកជង្គង់សង្កត់ក រហូតដល់ស្លាប់។ ក្រោយមកទៀត បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បានរាលដាលដល់ ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅអឺរ៉ុបតែម្ដងជាទីដែល រូបសំណាក ឬបូជនីយដ្ឋាននាន ដែលមានជាប់ពាក់ព័ន្ធនឹងទាសភាព និងអាណានិគម បានក្លាយជាគោលដៅរបស់ក្រុមបាតុករ ដោយពួកគេទាមទារឱ្យដក ឬបំផ្លាញ រូបសំណាកទាំងនេះចោល៕