(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ផ្កាយរណបចុងក្រោយនៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ (BeiDou Navigation Satellite System ឬ BDS) ត្រូវបានបាញ់បង្ហោះហើយ នៅវេលាម៉ោង ៩៖៤៣នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ចេញពីមូលដ្ឋានបាញ់បង្ហោះនៃខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន។

 

២៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នៅថ្ងៃអង្គារនេះបាននិយាយថា លោកបានផ្ដល់យោបល់ឱ្យលោកស្រីប្រធានាធិបតី ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob) រំលាយសភាចោល និងចេញបញ្ជារៀបចំការបោះឆ្នោតសកលមុនអាណត្តិ។

 

៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថា «ក្បត់ជាតិ» ដែលគួរតែត្រូវផ្តន្ទាទោសប្រហារជីវិត។

 

៤៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថា ចំនួនអ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើបុណ្យហាជ្ជី (Haj ) នៅឆ្នាំនេះគឺនឹងមានចំនួន «តិចតួចបំផុត» ខណៈប្រទេសមួយនេះកំពុងប្រយុទ្ធយ៉ាងសកម្មទល់នឹងជំងឺរាតត្បាតសកល COVID-19។

 

៥៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស។

 

៦៖ មេបញ្ជាការយោធានៃប្រទេសចិន និងឥណ្ឌា ទើបតែបានឯកភាពគ្នា ថា កងកម្លាំងរៀងៗខ្លួននឹងត្រូវដកថយ ចេញពីតំបន់ ព្រំដែនដែលកំពុងមានជម្លោះ ដើម្បីកុំឲ្យមានការផ្ទុះអាវុធដាក់គ្នាជាថ្មីទៀត៕