(បរទេស)៖ គំនិតផ្តួចផ្តើមនៃការបង្កើតផែនដីទីពេញលេញ សម្រាប់បាតសមុទ្រភពផែនដីនោះ បាននិងកំពុងបោះជំហាន ទៅរកលទ្ធផលកាន់តែប្រសើរឡើងហើយ ដោយក្រុមអ្នកជំនាញបានអះអាងថា ផ្ទៃបាតសមុទ្រសរុប ១ ភាគ ៥ ឬស្មើនឹងជិត ២០% ត្រូវបានគូសវាស។ នេះបើតាមការដកស្រង់ពី BBC នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
នៅពេលដែលគម្រោងស្រាវជ្រាវបាតសមុទ្រនៃមូលនិធិ នីពផុន-GEBCO ២០៣០ (Nippon Foundation-GEBCO Seabed 2030 Project) បានចាប់ផ្តើមកាលពីឆ្នាំ២០១៧ បាតសមុទ្រផែនដីតែ ៦% ប៉ុណ្ណោះ ត្រូវបានគូសវាជាផែនទី និងត្រូវបានចាត់ទុកថា ជាការប្រមូលផ្តុំទិន្នន័យស្របតាមស្តង់ដាដំបូងបំផុត។ ប៉ុន្តែឥឡូវនេះ ផ្ទៃបាតសមុទ្ររហូតដល់ទៅ ១៩% ហើយត្រូវបានគូសវាស។
បើតាមក្រុមជំនាញនៃបេសកកម្មខាងលើនេះ ផ្ទៃបាតសមុទ្ររហូតដល់ទៅ ១៤.៥លានគីឡូម៉ែត្រក្រឡាហើយ ត្រូវបានគូសវាសចេញជាផែនទី គិតត្រឹមឆ្នាំ២០១៩ ហើយដែលទំហំនេះគឺប្រហាក់ប្រហែលនឹង ផ្ទៃដីប្រទេសអូស្ត្រាលីគុណនឹង ២ ឯណោះ។ ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានអះអាងថា បេសកកម្មដ៏ធំធេងជាងនេះ បន្តស្ថិតនៅចំពោះមុខ ព្រោះផ្ទៃបាតសមុទ្រប្រមាណ ៨១% ទៀតឯណោះ ដែលរង់ចាំការគូសវាសផែនទី។
គួរបញ្ជាក់ថា ការគូសវាសផែនទី និងសិក្សាបន្ថែមលើបាតសមុទ្រផែនដី តាមរយៈការទម្លាក់ឧបករណ៍មុជទឹក ការជះពន្លឺ និងខ្សែវាស់ជម្រៅទឹក ដោយមានការជួយពីផ្កាយរណបខាងលើនេះ គឺពិតជាមានសារៈសំខាន់ច្រើនរាប់មិនអស់។ មនុស្សនឹងអាចស្វែងយល់ពីបម្រែនៃសណ្ឋានបាតសមុទ្រ, តាមដានធនធានជីវចំរុះ, គ្រប់គ្រងការនេសាទ និងអភិរក្ស, សម្រួលការធ្វើចរាចរណ៍ផ្លូវទឹក និងជាពិសេសការពង្រាយខ្សែបណ្តាញទូរគមនាគមន៍ ព្រមទាំងខ្សែកាបនានា នៅបាតសមុទ្រកាន់តែប្រសើរ៕