(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នៅថ្ងៃអង្គារនេះបាននិយាយថា លោកបានផ្ដល់យោបល់ឱ្យលោកស្រីប្រធានាធិបតី ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob) រំលាយសភាចោល និងចេញបញ្ជារៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោក លី សៀនឡុង ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ទៅកាន់ប្រជាជាតិសិង្ហបុរី។ ស្ថិតក្នុងឱកាសនោះលោក លី បានបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតនៅពេលនេះ នឹងលុបចោលបញ្ហាដែលនៅសេសសល់ ហើយវានឹងផ្ដល់អាណត្តិ ០៥ឆ្នាំ ដល់រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតសំខាន់លើកិច្ចការជាតិ និងការសម្រេចចិត្តដ៏លំបាកនានាដែលត្រូវធ្វើ... ខណៈអាណត្តិនៃរដ្ឋាភិបាល នឹងត្រូវផុតនៅខែមេសា ឆ្នាំក្រោយ»

គួរបញ្ជាក់ថា មុននឹងធ្វើការសម្រេចចិត្តខាងលើ លោក លី បានអះអាងថា លោកត្រូវតែធានារឿង ២ ឱ្យបាននោះគឺអ្នកបោះឆ្នោតអាចទៅបោះឆ្នោតដោយសុវត្ថិភាព ហើយគណបក្សនយោបាយអាចធ្វើយុទ្ធនាការឃោសនា ដោយមិនមានការព្រួយបារម្ភ។ បន្ថែមពីលើនេះ ក្រោយការប្រកាសរបស់លោក លី ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានប្រកាសដែរថា លោកស្រី Halimah Yacob បានសម្រេចរំលាយសភាហើយ រីឯការជ្រើសរើសបេក្ខជន នឹងត្រូវបានធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រីឯកាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវបានគណៈកម្មាការរៀបចំការបោះឆ្នោត សម្រេចយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ៕