(ស៊ីឆាង)៖ ផ្កាយរណបចុងក្រោយនៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ (BeiDou Navigation Satellite System ឬ BDS) ត្រូវបានបាញ់បង្ហោះហើយ នៅវេលាម៉ោង ៩៖៤៣នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ចេញពីមូលដ្ឋានបាញ់បង្ហោះនៃខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ផ្កាយរណបខាងលើនេះ គឺជាសមាជិកទី ៥៥ ហើយនៃបណ្តាញផ្កាយរណបអង្កេត និងសម្រួលដល់ចរាចរណ៍ពីលើអាកាស Beidou ដែលត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-3B។ មជ្ឈមណ្ឌលបាញ់បង្ហោះប្រចាំទីក្រុងស៊ីឆាង (Xichang) បានអះអាងថា ការបាញ់បង្ហោះត្រូវបានធ្វើឡើងដោយជោគជ័យ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនចិនបានពន្យារពេលបាញ់បង្ហោះ ផ្កាយរណបខាងលើ ដោយសារតែគ្រាប់រ៉ុក្កែត Long March-3B ដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់បាញ់ផ្កាយរណប BDS-3 ត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានបញ្ហាបច្ចេកទេសអំឡុងពេលធ្វើតេស្តសាកល្បង មុនការបាញ់បង្ហោះ។ កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសចិនបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះឡើង ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ហើយវានឹងត្រូវចូលរួមនៅក្នុងបេសកកម្ម បង្កើតបណ្តាញផ្កាយរណបចិន សម្រាប់សម្រួលដល់ការធ្វើនាវាចរនៅតាមដែនសមុទ្រ៕