(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថា ចំនួនអ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើបុណ្យហាជ្ជី (Haj ) នៅឆ្នាំនេះគឺនឹងមានចំនួន «តិចតួចបំផុត» ខណៈប្រទេសមួយនេះកំពុងប្រយុទ្ធយ៉ាងសកម្មទល់នឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
បើតាមក្រសួងកិច្ចការបុណ្យហាជ្ជីអារ៉ាប៊ីសាអូឌីត មានតែប្រជាជននៃសញ្ជាតិផ្សេងៗគ្នា ដែលបាន និងកំពុងស្នាក់នៅក្នុងប្រទេសនេះរួចហើយស្រេចប៉ុណ្ណោះ ដែល ត្រូវបានអនុញ្ញាតឲ្យប្រណិប័តន៍បុណ្យហាជ្ជី ក្នុងឆ្នាំ២០២០នេះ ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែកក្កដាខាងមុខ។ ទោះជាយ៉ាងណា ចំនួនអ្នកចូលរួមពិតប្រាកដ ប៉ុន្មាននោះ មិនត្រូវបានក្រសួងលាតត្រដាងឲ្យដឹងនោះទេ។
គួរជម្រាបថា នេះជាការសម្រេចចិត្តលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អារ៉ាប៊ីសាអូឌីត ក្នុងនាមជាថ្នាក់ដឹកសាសនាអ៊ីស្លាម ដែលបានហាមឃាត់ មិនឲ្យសាសនិកអ៊ីស្លាម នៅក្រៅប្រទេសមកប្រណិប័តន៍បុណ្យហាជ្ជីនៅក្នុងប្រទេសរបស់ខ្លួន។ ជារៀងរាល់ឆ្នាំ បុណ្យហាជ្ជីដែលជាសសរស្តម្ភទី៥ នៃសាសនា អ៊ីស្លាម បានទាក់ទាញមនុស្សមកកាន់ទឹកដីដើមកំណើតអ៊ីស្លាមមួយនេះ ប្រមាណ ២.៥ លាននាក់។
អាជ្ញាធរសុខាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីធានាថា បុណ្យហាជ្ជីត្រូវបានប្រារព្ធឡើង ប្រកបដោយ សុវត្ថិភាព និងចៀសឆ្ងាយពីការឆ្លងរីករាលដាលនៃជំងឺ COVID-19។ រហូតមកទល់ពេលនេះ អារ៉ាប៊ីសាអ៊ីឌីតបានកត់ត្រាករណីឆ្លង COVID-19 សរុបជាង ១៦ម៉ឺននាក់ ក្នុងនោះ១,៣០៧ នាក់ស្លាប់បាត់បង់ជីវិត និងជាង ១០ម៉ឺននាក់បានជាសះស្បើយឡើងវិញ៕