(ហូស្តុន)៖ អភិបាលរដ្ឋតិចសាស់លោក ហ្គ្រេក អាប់បុត (Greg Abbott) បានថ្លែងថា ជំងឺឆ្លង COVID-19 កំពុងតែរីករាតត្បាតនៅរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកមួយនេះ ក្នុងអត្រាខ្ពស់បំផុតមិនអាចទទួលយកបាន ហើយការបិទទ្វាររដ្ឋនេះជាថ្មី នឹងក្លាយជាជម្រើសចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោកអភិបាលរដ្ឋតិចសាស់ បានបញ្ជាក់នៅក្នុងសន្និសីទកាសែត នៅថ្ងៃចន្ទសប្តាហ៍នេះថា «ដើម្បីបញ្ជាក់ឱ្យបានច្បាស់ ឥឡូវនេះ COVID-19 កំពុងតែរីករាលដាល នៅក្នុងអត្រាមួយដែលមិនអាចទទួលយកបាន នៅក្នុងរដ្ឋតិចសាស់ ហើយប្រាកដណាស់ថា វាពិតជាត្រូវបានធ្វើឱ្យលាប់ឡើងវិញ»។
បើតាមអាជ្ញាធររដ្ឋតិចសាស់ អត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងរដ្ឋនេះបានហក់ឡើងពី ៤.៥% រហូតដល់ទៅ ៩% ឯណោះ។ បន្ថែមពីនេះទៀត បើគិតត្រឹមរយៈពេល០៥ថ្ងៃកន្លងទៅនេះ មន្ទីរពេទ្យនានាបានទទួលអ្នកជំងឺសរុបរហូតដល់ទៅជាង ៣,២០០នាក់ជាមធ្យមក្នុងមួយថ្ងៃៗ ខណៈដែលលទ្ធភាពដែលមន្ទីរពេទ្យទូទាំងរដ្ឋនេះអាចទទួលយកអ្នកជំងឺនោះ គឺក្នុងចំនួនតែ ១,៦០០នាក់ជាមធ្យមប៉ុណ្ណោះក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា លោកអភិបាលរដ្ឋ ហ្គ្រេក អាប់បុត បានបង្ហើបពីផែនការត្រៀមបិទរដ្ឋនេះជាថ្មី នៅពេលដែលស្ថានការណ៍អាក្រក់ឈានដល់ចំណុចដែលមិនអាចបណ្តែតបណ្តោយទៀតបាន។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍៍នេះ រដ្ឋតិចសាស់របស់អាមេរិកមានករណីឆ្លង COVID-19 សរុប ១១៤,៨៨១ករណី ក្នុងនោះស្លាប់ ២,១៩២នាក់៕