(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកគឺជាអ្នកធ្វើឱ្យខ្លួនឯងរបួស ដោយសារតែយុទ្ធសាស្ត្រមានបង្កប់ចរិតនយោបាយ និងភាពយឺតយ៉ាវ ក្នុងការដោះស្រាយវិបត្តិ COVID-19 ដែលបាន និងកំពុងបន្តឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៅឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
សារព័ត៌មាន Politico ដ៏ល្បីល្បាញរបស់អាមេរិក ដោយផ្អែកលើក្រុមអ្នកជំនាញសុខាភិបាលសាធារណៈ បានចេញផ្សាយអត្ថបទមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះដោយបញ្ជាក់ទៀតថា បណ្ដាប្រទេសជាច្រើននៅអឺរ៉ុប ដូចជាអ៉ីតាលី ក៏បានរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ដូចសហរដ្ឋអាមេរិកដែរ ប៉ុន្តែអ៉ីតាលីនៅអាចដោះស្រាយបញ្ហាបាន។
ក្រុមអ្នកជំនាញខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារយុទ្ធសាស្ត្រមានភាពយឺតយ៉ាវ និងមានបង្កប់ចរិតនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 បានធ្វើឱ្យសហរដ្ឋអាមេរិក ដើរតាមពីក្រោយបណ្ដាប្រទេសអឺរ៉ុបខាងលិចទៅវិញ... ហើយការសម្រេចចិត្តរបស់រដ្ឋមួយចំនួន ក្នុងការដកចេញវិធានការបិទប្រទេសរហ័សជ្រុលពេក ក៏ហាក់ដូចជាកំពុងធ្វើឱ្យសហរដ្ឋអាមេរិក ត្រូវតស៊ូប្រយុទ្ធជាមួយ COVID-19 រយៈពេលយូរទៅមុខផងដែរ»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២.៣លានករណី ក្នុងនោះស្លាប់ ១១២,៦១០នាក់ និងជាសះស្បើយឡើងវិញជាង ១លាននាក់ ខណៈមនុស្សច្រើនជាង ២៩លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19៕