(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម នៃសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក ភីតធើ ណាវ៉ារ៉ូ (Peter Navarro) បានថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន គឺចប់បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
ភាពរលំរលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ (Phase 1) ជាមួយចិនខាងលើនេះត្រូវបានលោក Peter Navarro ផ្សារភ្ជាប់ជាមួយកំហឹងសហរដ្ឋអាមេរិកទៅលើប្រទេសចិន ដែលត្រូវបានអាមេរិកចោទប្រកាន់ថា មិនបានធ្វើការព្រមានឲ្យទាន់ពេល ចំពោះឥទ្ធិពលដ៏អាក្រក់នៃជំងឺឆ្លង COVID-19។ ទីប្រឹក្សាសេតវិមានរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនថា «វាបានផុតរលត់បាត់ទៅហើយ»។
មន្ត្រីជាន់ខ្ពស់សេតវិមានខាងលើនេះ ថែមទាំងបានចោទប្រទេសចិនទៀតថា បានបណ្តែតបណ្តោយឲ្យមនុស្សម្នាធ្វើដំណើរដោយសេរី មកកាន់សហរដ្ឋអាមេរិក ដើម្បីចម្លងជំងឺនេះមកកាន់សហរដ្ឋអាមេរិក ដោយមិនមានការព្រមានទុកជាមុនជាដើម។ ទោះជាបែបនេះក្តី ប្រទេសចិនជារឿយៗ បានចេញមុខទាត់ចោលការចោទប្រកាន់ ពីសំណាក់ ប្រទេសមួយចំនួនជាពិសេសអាមេរិក អំពីចេតនាបង្កឲ្យវីរុសរីកសាយភាយលើលោក។
គួរបញ្ជាក់ថា នៅពេលដែលវីរុសកូរ៉ូណាថ្មី ផ្ទុះឡើងដំបូងនៅប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងបានសម្លាប់ប្រជាជនចិនរាប់ពាន់នាក់ទៅហើយ ឈានមកដល់ដើមឆ្នាំ២០២០ នោះ ប្រទេសមួយចំនួន និងសហរដ្ឋអាមេរិកផ្ទាល់ ទើបតែមានករណីឆ្លងប៉ុន្មានករណីប៉ុណ្ណោះ ខណៈការបិទទីក្រុងវូហាន ដោយអាជ្ញាធរចិន ដើម្បីរាំងខ្ទប់ជំងឺ COVID-19 មិនឆ្លងទៅកាន់ខេត្តផ្សេងៗ ឬពិភពលោកនោះ បែរជាបានទទួលការរិះគន់ខ្លាំងៗថា ជាទង្វើរំលោភសិទ្ធិមនុស្សទៅវិញ៕