(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងរលកទី ២ នៃការឆ្លង COVID-19 ដែលបាននិងកំពុងរាតត្បាតខ្លាំង នៅក្នុងរដ្ឋធានីសេអ៊ូល ដោយសារតែពិធីបុណ្យមួយកាលពីខែឧសភា។
២៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ប្រទេសថៃរកមិនឃើញករណីឆ្លង COVID-19 ក្នុងស្រុក ចំនួន ២៨ថ្ងៃជាប់ៗគ្នាមកហើយ ខណៈករណីនាំចូលជំងឺនេះពីក្រៅប្រទេសវិញ នៅតែបន្តកើតមានជារឿយៗ។
៣៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានចូលរួមទស្សនាដោយផ្ទាល់ ការធ្វើតេស្ដហោះហើរជាសាធារណៈលើកដំបូង នៃយន្ដហោះសម្រាប់ការបណ្ដុះបណ្ដាលការហោះហើរ ផលិតនៅក្នុងស្រុកដ៏ថ្មីសន្លាងមួយគ្រឿង នៅថ្ងៃចន្ទនេះ។
៤៖ អាជ្ញាធរចិនបានផ្អាកការនាំចូល ផលិតផលសាច់មាន់ពីក្រុមហ៊ុនអាមេរិកមួយចំនួន និងបញ្ជាឱ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសារតែបារម្ភពីការឆ្លងរាតត្បាត COVID-19។
៥៖ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូល ដែលបើកដៃឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន។
៦៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបាននិយាយថា លទ្ធភាពនៃការធ្វើសកម្មភាពយោធា គឺអាស្រ័យថាតើកូរ៉េខាងជើង បញ្ជូនខិត្តប័ណ្ណឆ្លងព្រំដែន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងដោយវិធីណា៕