(ម៉ុមបៃ)៖ ក្រុមហ៊ុនឱសថ ស៊ីបឡា (Cipla) របស់ឥណ្ឌាបានចាប់ផ្តើមបញ្ចេញថ្នាំប្រភេទ រិមដឺស៊ីវា (Remdesivir) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈប្រទេសឥណ្ឌាទាំងមូល ត្រូវបានគេមើលឃើញថា កំពុងរងគ្រោះកាន់តែធ្ងន់ឡើងៗ ដោយសារជំងឺរាតត្បាតសកលនេះហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនកាលពីម្សិលមិញ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរនៅថ្ងៃច័ន្ទ ទី ២២ ខែមិថុនា ឆ្នាំ ២០២០។
Remdesivir គឺជាប្រភេទថ្នាំប្រឆាំងវីរុស មានវិសាលភាពធំទូលាយ ដែលបានបង្កើតឡើងដោយក្រុមហ៊ុនឱសថ ជីលីដ (Gilead) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយថ្នាំប្រភេទនេះ ត្រូវបានផ្តល់អាជ្ញាប័ណ្ណមិនមែនផ្តាច់មុខ ដល់ក្រុមហ៊ុនឱសថមួយចំនួនរបស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន។
បើតាមការលើកឡើងរបស់លោក អ៊ូម៉ាង វូរ៉ា (Umang Vohra) នាយកគ្រប់គ្រង ក្រុមហ៊ុនស៊ីបឡា លីមីតធីត បានឲ្យដឹងថា
«យើងបានវិនិយោគក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយសង្គ្រោះជិវិតមនុស្ស ដែលបានរងគ្រោះដោយការរាតត្បាត COVID-19 ហើយការសាកល្បងឱសថនេះ គឺជាសមិទ្ធផលថ្មីរបស់យើង។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកដែលពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធ អេកូ-ថែទាំសុខភាព ដើម្បីឆ្ពោះទៅផ្តល់ជូនការព្យាបាលដោយប្រកបដោយភាពជោគជ័យ។ លើសពីនេះយើងមានជំនឿថា គ្មានអ្នកជំងឺណាម្នាក់ ដែលមិនអាចទទួលបានការព្យាបាលនោះឡើយ»។ ទោះជាយ៉ាងណា នាយកខាងលើនេះ មិនបានបញ្ជាក់ ពីតម្លៃរបស់ឱសថនេះឡើយ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនឱសថ ក្លេនម៉ាក (Glenmark) របស់ឥណ្ឌាមួយទៀត បានបញ្ចេញថ្នាំប្រឆាំងវីរុសកូរ៉ូណា ដែលមានឈ្មោះថា ហ្វេវីភីរ៉ាវា (Favipiravir) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ស្ថានភាពស្រាល និងមធ្យមសម្រាប់ទីផ្សារក្នុងស្រុក ដែលមានតម្លៃ ១.៣៥ដុល្លារក្នុងមួយបន្ទះ។
ដោយឡែកក្រុមហ៊ុនឱសថ ស៊ីបឡា នឹងអនុញ្ញាតឲ្យលក់ឱសថ Remdesivir តាមរយៈដៃគូពាណិជ្ជកម្មរបស់ខ្លួន ហើយនឹងផ្គត់ផ្គង់ឱសថនេះទៅឲ្យរដ្ឋាភិបាលឥណ្ឌា ដើម្បីធានាបាននូវការចែកចាយ ដែលប្រកបដោយសមភាព៕